(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសិក្ខាសាលា ស្តីពី «របៀបរបបព័ត៌មាន និងសាធារណៈមតិ» សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

ពិធីបើកនេះ ធ្វើឡើងក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលរាជធានី មន្ត្រីសាលាខណ្ឌ និងមន្ទីរជុំវិញសាលារាជធានី ។

លោក កើត ឆែ បានបន្តថា ស្ថិតក្នុងបរិបទសាកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល, ការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញសង្គម ពិតជាមានសារៈសំខាន់ ព្រោះជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការទំនាក់ទំនង រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ហើយដែលប្រជាពលរដ្ឋអាចលើកឡើងអំពីសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីឱ្យអាជ្ញាធរមានវិធានការដោះស្រាយ។

ទន្ទឹមនឹងភាពងាយស្រួល ក្នុងការទទួលព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ, ក៏រដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និងនិយាយដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធជួបប្រទះនឹងបញ្ហាប្រឈម ដោយហេតុថា ព័ត៌មានមួយចំនួន មិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ដោះស្រាយ ហើយព័ត៌មានខ្លះទៀត ជាព័ត៌មាន ប្រឌិត ខុសពីការពិត ដែលធ្វើឲ្យមន្ត្រីទទូលបន្ទុកព័ត៌មានមានការលំបាក ក្នុងការពិនិត្យ និងរាយការណ៍ជូន ថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងដោះស្រាយជូន។

បើតាមលោក កើត ឆែ, ផ្តើមចេញពីបញ្ហាទាំងអស់ខាងលើ គឺទាមទារឲ្យមន្ត្រីទទួលព័ត៌មាននៃរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងនៅតាមមន្ទីរ-អង្គភាពមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពិនិត្យ វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះ ជាមួយប្រភព និងបណ្តាញព័ត៌មានដែលខ្លួនមាន ដើម្បីធានាបានថា ព័ត៌មាននោះនជាព័ត៌មានពិតប្រាកដ ចៀសវាងនូវ ព័ត៌មានដែលបង្កចលាចលបំពុលសង្គម, មានចរិតញុះញង់នយោបាយ ដែលនេះធ្វើឲ្យខាតបង់ពេលវេលា ក្នុងការសិក្សា និងស្រាវជ្រាវពីប្រភពព័ត៌មានជាដើម។

លោក កើត ឆែ មានប្រសាសន៍ថា ព័ត៌មានមានសារៈសំខាន់ ព្រោះយើងទាំងអស់គ្នា ត្រូវដឹងថា ៖ ព័ត៌មាននៅជុំវិញខ្លួនយើង ប្រៀបដូចជា ដែលយើងត្រូវការជាចាំបាច់ ។ លោកបន្តថា នៅពេលដែលបច្ចេកវិទ្យាព័ត៌មានកាន់តែទំនើបទាន់សម័យ ពួកប្រឆាំង ពួកអគតិ ឆ្លៀតប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយ ដើម្បីវាយប្រហារ ឬបន្តុះបង្អាប់មកលើរាជរដ្ឋាភិបាល ដោយខុសពីតថភាពជាក់ស្តែង ។

លោក កើត ឆែ អភិបាលរង បានណែនាំមន្ត្រីព័ត៌មាន អោយធ្វើការទប់ស្កាត់ព័ត៌មានក្លែងក្លាយ, វាយបក និងផ្សព្វផ្សាយ ចំពោះអ្វីដែលយើងបានអភិវឌ្ឍន៍ ដែលយើងបានបំពេញការងារ ហើយបង្កើតគ្រុបឆាណែល ដើម្បីងាយស្រួលក្នុងការតាមដាន និងគ្រប់គ្រងព័ត៌មានបានទាន់ហេតុការណ៍ ហើយឆ្លើយតបអោយបានឆាប់រហ័ស។

លោកថា​ «បើយើងមិនដឹកមុខសាធារណៈមតិទេ យើងនឹងធ្វើតែតាមគេវៃ យើងនឹងបានត្រឹមតែបកស្រាយឆ្លើយតបតែប៉ុណ្ណោះ។ ជាមន្ត្រីអ្នកព័ត៌មាន ត្រូវធ្វើទាំងបុរេប្រតិកម្ម និងការឆ្លើយតប រួមទាំងការអួត ដើម្បីគ្រប់គ្រងសាធារណៈមតិ»