(កណ្តាល)៖ ចុងសប្ដាហ៍នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានធ្វើពិធីសំណេះសំណាល និងបំពាក់មេដាយរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោក វេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល។

កម្មវិធីនេះមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្ដាល ក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមគ្រូពេទ្យបង្អែកជ័យជំនះខេត្តកណ្តាលមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយស កេរ្តិ៍ឈ្មោះដ៏ថ្លៃថ្លានេះដោយមានការដឹកនាំចង្អុលបង្ហាញជាប្រចាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្តកណ្តាល ដោយឱ្យកម្លាំងកងរាជអាវុធហត្ថគ្រប់រូប យកចិត្តទុកដាក់ឈរលើគោលការណ៍គោរពបទបញ្ជា គោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ កងរាជអាវុធហត្ថក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូលក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាល បានបង្កើតនូវសមិទ្ធផលនានាជាច្រើនសម្រាប់អង្គភាព ជាពិសេសក្រៅពីការងារស្នូល បានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែងនៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។

លោកមេបញ្ជាការ បានផ្តល់កម្លាំងចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមដោយស្ម័គ្រចិត្ត សម្រាប់បម្រើឱ្យជនរួមជាតិដែលមានតម្រូវការឈាមចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ននិងទៅអនាគត។

នាឱកាសនោះ លោកមេបញ្ជាការ បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ក្នុងការមកចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដោយមិនគិតពីឋានៈ ពណ៌សម្បុរ ឬនិន្នាការ ជាពិសេសបានជួយសម្រួលដល់កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល និងក្រុមគ្រួសារ សាច់ញាតិ ពេលត្រូវការឈាមជាចាំបាច់។

ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏សប្បុរសរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ ក្នុងរយៈពេលកន្លងមក។

ក្នុងវេលាដ៏មានសារៈសំខាន់នេះលោកមេបញ្ជាការ បានផ្តល់អនុសាសន៍ថា ឈាមមានប្រភពពីមនុស្សមិនមានរោងចក្រណាផលិតបានឡើយ ដូចនេះសូមលើកទឹកចិត្តដល់កងកម្លាំងយើងទាំងអស់ បន្តរួមគ្នាបង្កើតវប្បធម៌ជួយគ្នា បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃក្នុងការជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ដើម្បីសង្គ្រោះជីវិតមនុស្ស។

លោកមេបញ្ជាការកងរាជអាវុធហត្ថ បញ្ជាក់ថា ការផ្តល់ឈាមធ្វើឡើងជារៀងរាល់ឆ្នាំ២ដងក្នុងមួយឆ្នាំ ហើយលើកនេះបានចូលរួមបានជាង២០០នាក់ បរិច្ចាគឈាមបាន១៧០ប្លោក និងបានឈាមកើនច្រើនជាងមុនៗ៕