(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី៧​ ខែមេសា​ ឆ្នាំ២០២៤​ លោក កែ​ គឹមយ៉ាន​ តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ​ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អមដោយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរូមក្នុងពិធីសូត្រមន្ត​សម្ពោធសាលប្រជុំថ្មី​ស្ថិតនៅ​ជើងភ្នំស្វាយ​ ភូមិអូរអំបិល​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅល្ងាចថ្ងៃដដែលនោះ លោក កែ​ គឹមយ៉ាន​ ក៏បានចូលរួមពិសារអាហារសាមគ្គី​ជាមួយ​មន្ត្រីរាជការ កងកម្លាំង និងយុវជនក្នុងខេត្តបន្ទាយមានជ័យប្រមាណ​១០០០នាក់​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ ឆ្នាំរោង​ ឆស័ក ព.ស​ ២៥៦៧ យ៉ាងស្និទស្នាល និងនាំក្តីនឹករលឹកពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិពិសេសសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនយើងទាំងអស់គ្នា និងសូមអំពាវនាវឱ្យបងប្អូនទាំងអស់ ពិសេសមហាគ្រួសារអ្នកបន្ទាយមានជ័យ សូមបន្តមានសាមគ្គីភាព ឯកភាព ចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ថែរក្សាសន្តិភាព ដើម្បីបន្តការរីកចម្រើនរបស់យើងទៅមុខបានកាន់តែឆាប់រហ័សថែមទៀត។

សូមបញ្ជាក់ថា ក្នុងកម្មវិធីទាំងពីរខាងលើលោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានថ្វាយគ្រឿងសក្ការបូជា ទៀន ធូប ផ្កាភ្ញី របាំត្រុតដើម្បីបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី»​ជាបុត្រីទី៧ កបិលមហាព្រហ្ម ដែលនឹងយាងចុះមកថែរក្សាមនុស្សលោកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ សូមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋយើងទាំងអស់ឱ្យជួបតែសុខសប្បាយ សំណាងល្អគ្រប់ៗគ្នាតរៀងទៅ៕