(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដឹកក្រុមប្រតិភូ នៃរដ្ឋបាលខេត្ត ជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនាវី ដែលឈរជើងនៅ កងការពារកោះពូលូវៃលេខ៥ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ក្នុងឱកាសសាកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកងការពារកោះពូលូវ៉ៃ៥ បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក មានការចូលរួមពីសំណាកលោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការ រងកងទ័ពជើងទឹក និងជាមេបញ្ជាការបញ្ជាការដ្ឋាន កោះឆ្នេរ ព្រមទាំងនាយនាវី គ្រប់លំដាប់ថ្នាក់ប្រមាណជាង១០០នាក់ដែលប្រចាំការនៅទីនោះ ។

លោក វ៉ី សំណាង បាននាំនៅការផ្តាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ២០២៤នេះ ដែលសម្តេចទាំងទ្វេរដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងខេមរភូមិន្ទប្រចាំទិសកោះពូលូវ៉ៃ ដែលបានលះបង់អាយុជីវិតកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការការពារកោះឆ្នេរ។

សម្ភារដែលនាំទៅសួរសុខទុក្ខកងការពារកោះពូលូវៃ របស់ប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ រួមមាន៖ ស៊ីម៉ង់ត៍ ១០០តោន, អង្ករ ៤តោន, ភេសជ្ជៈ ១០០កេស, ឧបករណ៍ Drone ១គ្រឿង, កុំព្យូទ័រ ១គ្រឿង, ម៉ាស៊ីនព្រីនធ័រ ១រគ្រឿង និងថវិកា១០ម៉ឺនរៀល/ម្នាក់៕