(ភ្នំពេញ)៖ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានបង្កើតព្រឹត្តិ​ការ​ណ៍​​​​វាយកូនគោលមិត្តភាព រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យព្យា​បាល​កុមារ​ដោយមិនយកប្រាក់។

ព្រឹត្តិការណ៍ប្រកួតវាយកូនគោលដើម្បីសកម្មភាពមនុស្សធម៌ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី៦ ខែ​មេសា ឆ្នាំ២០២៤ នៅទីលានវាយកូនគោលស្ថិតនៅក្នុងបុរីជីបម៉ុង។

«ព្រឹត្តិការណ៍ដែលយើងធ្វើឡើងនេះ គឺក្នុងគោលបំណងប្រមូលមូលនិធិ ដើម្បីជួយដល់មន្ទីរ​ពេទ្យ​កុមារ​អង្គរនៅខេត្តសៀមរាប»។ នេះជាការបញ្ជាក់របស់លោក ម៉ឹង ពន្លក។

លោក ម៉ឹង ពន្លក បានចាត់ទុកព្រឹត្តិការណ៍ប្រកួតវាយកូនគោលនេះ មិនត្រឹមជាការរៃអង្គាស​ថវិកា ដើម្បីសប្បុរសធម៌ប៉ុណ្ណោះទេ តែក៏បានជួយរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងខ្មែរក្នុងស្រុក និងក្រៅស្រុកផងដែរ។ ជា​ពិ​សេសការរួមគ្នា ដើម្បីថែទាំសុខសន្តិភាពនៅកម្ពុជា ដែលជាធាតុដ៏សំខាន់សម្រាប់ការរស់នៅ និងការប្រកបរបរផ្សេងៗ។

លោក ម៉ឹង ពន្លក បានបញ្ជាក់ដូច្នេះ «ទោះខ្មែរយើងនៅទីណា យើងរស់នៅក្រោមដំបូលមេឃតែមួយ។ ដូច្នេះហើយយើងនៅទីណាក៏ដោយ ប្រជាពលរដ្ឋយើងអាចមកចូលរួម ជាពិសេសចូលរួមមើលប្រទេសជាតិយើងរីកចម្រើន ហើយយើងអាច​រួមគ្នាធ្វើសកម្មភាពសប្បុរសធម៌»។

ការប្រកួតកីឡាវាយកូនគោលដើម្បីសប្បុរសធម៌ដែលផ្តួចផ្តើមឡើងដោយលោក ម៉ឹង ពន្លក នាពេលនេះ ជាការរៀបចំឡើងលើកដំបូង ហើយចាប់ផ្តើមគិតគូរក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែ​មានការចូលរួមពីអ្នកនិយមលេងវាយកូនគោលជិត១០០នាក់។

លោក លី ហុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​សម្តែងក្តីរីករាយចំពោះព្រឹត្តិការណ៍វាយកូនគោលដើម្បីសប្បុរសធម៌នេះ។ លោកសង្ឃឹមថា លោក ម៉ឹង ពន្លក នឹងបង្កើតឱ្យមានព្រឹត្តិការណ៍បែបនេះនាពេលក្រោយទៀត។

លោក លី ហុង បានគូសបញ្ជាក់ដូច្នេះ «ព្រឹត្តិការណ៍នេះ យើងបានផ្សព្វផ្សាយក្នុងរយៈពេលដ៏ខ្លីបំផុត ប៉ុន្តែកីឡាករចូលរួមមានជិត១០០នាក់។ អ្នកចូលរួមនេះ គាត់មានចិត្តស្មោះស មានចិត្តចង់ចូលរួមជាមួយ។ ខ្ញុំសង្ឃឹមថា នៅពេលក្រោយឯកឧត្តម ម៉ឹង ពន្លក នឹងរៀបចំព្រឹត្តិការណ៍នេះបន្តទៀត ដើម្បីជួយដល់មន្ទីរពេទ្យ កុមារកំព្រា ឬក៏សង្គម»។

ព្រឹត្តិការណ៍ប្រកួតវាយកូនគោលដើម្បីសប្បុរសធម៌នេះ រៃអង្គាសថវិកាបានប្រមាណ ២៥,០០០ដុល្លារអាមេរិក សម្រាប់ជួយទៅមន្ទីរពេទ្យកុមារអង្គរ។ ថវិកានេះ នឹងបានជាចំណែក​ដ៏​សំខាន់ដល់ដំណើរការរបស់មន្ទីរពេទ្យ ដែលកំពុងព្យាបាលកុមារដោយមិនគិតថ្លៃ ហើយកំពុង​ជួប​ការខ្វះខាតក្នុងប្រតិបត្តិការរបស់ខ្លួន។

ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដឹកនាំដោយលោក ម៉ឹង ពន្លក បានធ្វើសកម្មភាពសប្បុ​រស​​ធម៌ជាច្រើននៅក្នុងសង្គម។ លោក ម៉ឹង ពន្លក ចាត់ទុកការធ្វើសប្បុរសធម៌ ជាការចូលរួម​ចំណែកដ៏សំខាន់នៅក្នុងសង្គម។ លោក ក៏បានលើកទឹកចិត្តដល់អ្នកមានលទ្ធភាពរួមគ្នាធ្វើ​សកម្មសប្បុរសធម៌ ដើម្បីជួយដល់អ្នកខ្វះខាត ឬអ្នកជួបការលំបាក។

សូមបញ្ជាក់ថា ការប្រកួតវាយកូនគោលនេះ មានកីឡាករចូលរួមជិត ១០០នាក់ ចែកចេញ​ជា ១៦ក្រុម។ កីឡាករមានខ្មែរនៅក្នុងស្រុក មកពីអាមេរិក ហើយក៏មានកីឡាករ​ជាជនជាតិ​អាមេរិក ចិន និងកូរ៉េផងដែរ។

បន្ទាប់ពីការប្រកួតហើយនោះ ក៏មានរៀបចំពិធីប្រគល់ពានរង្វាន់ ការស្រស់ស្រូបអាហារ​សាម​គ្គី និងរាំលេងកម្សាន្តក្រោមបរិយាកាសដ៏សប្បាយរីករាយ​៕