(កណ្ដាល)៖ លោកស្រី ជា ផល្គុន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង រួមទាំងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ សប្បុរសជន និងវិស័យឯកជន បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរស់នៅក្នុងភូមិទាំង៤ នៃក្រុងតាខ្មៅសរុបចំនួន ៣២៣គ្រួសារ នៅសមាគមកុមារនៃក្ដីសង្ឃឹមកម្ពុជា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្របនឹងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ ។

សកម្មភាពដ៏មានអត្ថន័យនេះបានបង្ហាញពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយដល់កុមារ និងក្រុមគ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់ ជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលដឹកនាំអនុវត្តដោយ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមាន មូលនិធិជាតិជំនួយសង្គម ជាប្រតិបត្តិករ កម្មវិធីនេះដែរគឺបានសមាហរណកម្មកម្មវិធីចំនួន៤បញ្ចូលគ្នារួមមាន ១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ២. កម្មវិធី អាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, ៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង៤.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការ ឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤តទៅ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី ជា ផល្គុន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ពិសេស លោក ជា សុមេធី ចំពោះក្រុមគ្រួសារទាំងអស់ ពិសេសគឺ ជីដូន ជីតា លោកឪពុក និងអ្នកម្តាយ និងបងប្រុស បងស្រី ទាំងឡាយ ដែលតែងតែលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅឱ្យក្លាយជាកូនល្អ សិស្សល្អ និង ពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។

លោកស្រី ជា ផល្គុន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ ក្រុមការងារសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមការងារយេនឌ័រក្រសួងដែលមាននាយកដ្ឋានកិច្ចការគ្រួសារជាលេខាធិការដ្ឋាន បានបំពេញតួនាទីអនុវត្តភារកិច្ច និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសបានសហការជាមួយអង្គការ-សមាគម-វិស័យឯកជន ដែលជាដៃគូសហប្រតិបត្តិការ រៀបចំពិធីនេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវកាយវិការយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការរួមចំណែកគាំទ្រលើភារកិច្ចរបស់បងប្អូននារីក្នុងកិច្ចការសង្គម និងកិច្ចការគ្រួសារ ក្នុងការផ្តល់សេវាគាំទ្រដល់គ្រួសារក្រីក្រ ជាពិសេសគ្រួសារងាយរងគ្រោះ ដែលមានកូនក្នុងបន្ទុកច្រើន កុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោលជាដើម។

លោកស្រីក៏បានអរគុណអង្គការដៃគូកម្ពុជា និងសមាគមកុមារនៃក្តីសង្ឃឹមកម្ពុជាដែលកំពុង និងបន្តចូលរួមជួយផ្តល់សេវាគាំទ្រដល់កុមារ និងគ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះ ដោយមនុស្សធម៌ សប្បុរសធម៌ជាប្រចាំ។ ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្ររបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសមាគម និងសប្បុរសជនទាំងអង្គការជាតិ និងវិស័យឯកជនដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយក្ដីស្រឡាញ់ និងស្នាមញញឹម។

តាមរយៈពិធីនេះផងដែរ លោកស្រីបានសំណូមពរឱ្យភ្ញៀវកិត្តិយស និងសប្បុរសជននានា បន្តរួមសហការគ្នាលុបបំបាត់ការរើសអើងចំពោះជនងាយរងគ្រោះផ្សេងៗទៀត ហើយបង្ក លក្ខណ:ងាយស្រួល មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមគ្រប់សកម្មភាពសប្បុរសធម៌របស់ក្រសួង និងសង្គម ។

សូមបញ្ជាក់ថា ក្នុងពិធីចែកអំណោយនេះ ក្នុង១គ្រួសារទទួលបាន អង្ករ៧គីឡូក្នុងកុមារ១នាក់ មីយើង១កេសក្នុង១គ្រួសារ ទឹកសុទ្ធ១កេសក្នុង១គ្រួសារ ត្រីខកំប៉ុង១យួរក្នុង១គ្រួសារ ទឹកស៊ីអ៉ីវ ១យួរក្នុង១គ្រួសារ ទឹកត្រី១យួរក្នុង១គ្រួសារ និងអាហារសម្រន់១ប្រអប់ក្នុង១គ្រួសារ៕