(ថៃ)៖ លោក សាន គីមហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បានឱ្យដឹងថា នៅថ្ងៃអាទិត្យទី៧ ខែមេសានេះ មន្ត្រីកម្ពុជាដែលរួមមាន អគ្គកុងស៊ុល មន្ត្រីក្រសួងការងារ អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ និងអាជ្ញាធរពាក់ព័ន្ធបានចុះជួយ សម្របសម្រួលផ្នែកឯកសារដល់ពលរដ្ឋខ្មែរនៅច្រកព្រំដែនខាងប្រទេសថៃ ដែលជាទីត្រូវបំពេញនីតិវិធីមុនពេលបានចាកចេញមកកម្ពុជា ខណៈដែលពលរដ្ឋខ្មែរកាន់តែច្រើនបានសម្រុកចាកចេញមកស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

លោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖«មន្ត្រីយើងបានចុះទៅជួយសម្រួលឯកសារដល់បងប្អូនពលករដើម្បីឱ្យគាត់ចេញមកបានលឿន រហ័ស ដោយមិនអស់ថរិកាអ្វីទាំងអស់»។

ការដាក់មន្ត្រីសម្របសម្រួលនេះ គឺធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋខ្មែរដែលវិលមកកម្ពុជាវិញដោយឥតគិតថ្លៃតាមការព្រមព្រៀងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃដែលជាកាដូជូនពលរដ្ឋទាំងសងខាងសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិទៅតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ ក្នុងពេលជំនួបផ្លូវការរវាងមេដឹកនាំទាំងពីរនៅទីក្រុងបាងកក។

បើយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរដែលធ្វើដំណើរត្រឡប់ពីប្រទេសថៃវិញ មានចំនួនជាង៩ម៉ឺន៧ពាន់នាក់ ខណៈដែលពលករមានជាង៣ម៉ឺន១ពាន់នាក់៕