(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ នៅលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង។

ក្នុងនាម សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង ដែលនៅក្នុងឆ្នាំ២០២៣ កន្លងទៅ បានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ និងគោលនយោបាយ គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលរួមចំណែកធ្វើឲ្យគណបក្សទទួលបានការគាំទ្រច្រើនជាប្រវត្តិសាស្ត្រ ជាក់ស្តែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលទើបបញ្ចប់ទៅ កាលពីពេលថ្មីៗនេះ។

លោកអភិសន្តិបណ្ឌិតបានបន្តថា ជ័យជម្នះដ៏គួរឱ្យកោតសរសើរនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានឡើយ ពីការរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ព្រមទាំងសកម្មជនគណបក្ស ដែលលះបង់ពេលវេលានិងធនធាន ចូលរួមគាំទ្របុព្វហេតុរបស់ គណបក្សប្រជាជនកម្ពុជា ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោកអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតសាកល និងអសកល ជាបន្តបន្ទាប់នៅកម្ពុជា វាគឺជាការបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្ស ក្នុងការ អនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

លោក អភិសន្តិបណ្ឌិតបានបន្តថា  គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនតាំងពីដើមរហូតមក គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ ពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាព សង្គម ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និង ប្រជាជនកម្ពុជា។ ឈរលើមូលដ្ឋាននេះហើយ ទើបបានជារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យជឿនលឿនរបស់សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធ្វើឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធផល បន្តពីសមិទ្ធផលដែលសម្រេចបានពីការអនុវត្តដោយជោគជ័យនូវ យុទ្ធសាស្ត្រ ត្រីកោណ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសមានការបែកបាក់ ទៅជាការប្រទេស មានការបង្រួបបង្រួមជាតិប្រកបដោយសុខសន្តិភាព និងពីប្រទេសទន់ខ្សោយទៅជាខ្លាំង។

លោកបានបន្តទៀតថា ប្រទេសមានសេដ្ឋកិច្ច រីកចម្រើន ក្នុងអត្រា ៧ភាគរយ។ តាមរយៈ បញ្ចកោណទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា រាជរដ្ឋាភិបាលបន្តវេន មាន ការប្តេជ្ញា និងជំនឿចិត្តជាយុទ្ធសាស្ត្រក្នុងការសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត៕