(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តចំពោះឆន្ទៈរបស់គណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន២០លានរៀល គាំទ្រចំពោះពិធីសប្បុរសធម៌លើកទី១៣ និងសង្ក្រាន្ដ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់រួមចំណែកបំពេញការងារមនុស្សធម៌ ជួយបុគ្គលិក សាស្ដ្រាចារ្យ និស្សិត ដែលមានជីវភាពខ្វះខាត និងសកម្មភាពការងារមនុស្សធម៌ដទៃទៀត នៅតាមសហគមន៍ដែលគណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និងយុវជនកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើរួមគ្នា។

ពិធីសប្បុរសធម៌លើកទី១៣ និងសង្រ្កាន្ដរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ បានប្រព្រឹត្ដទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសម្របសម្រួលពីលោកសាស្ដ្រាចារ្យបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការរង និងក្លិបយុវជនកាកបាទក្រហមកម្ពុជា និងមានអ្នកចូលរួមពីសប្បុរសជន និងទីប្រឹក្សាយុវជនចំនួន៥សាលវិទ្យាល័យ និស្សិតសរុបប្រមាណជាង២០០នាក់ ដែលប្រារព្ធធ្វើនៅសាលប្រជុំ CKCC នៅសាកលវិទ្យាល័យភូមិន្តភ្នំពេញ។

ក្នុងឱកាសនោះលោក យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលតែងតឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយកម្លាំងចិត្តជាមួយយុវជនគ្រប់ជំនាន់ និងថ្លែងអំណរគុណចំពោះគណៈអធិបតី ភ្ញៀវកិត្តិយសជាតិអន្តរជាតិ បុគ្គលិក សាស្ត្រាចារ្យ យុវជនកាកបាទក្រហមកម្ពុជា យុវជន សសយក យុវជនកាយារិទ្ធ និងនិស្សិតទាំងអស់ ដែលបានចូលរួម និងឧបត្ថម្ភគាំទ្រជាថវិកា ចូលរួមពិធីសប្បុរសជននៅពេលនេះ។

លោក យូ ឡាណា បានថ្លែងបន្ដថា ការរៀបចំពិធីសប្បុរសធម៌លើកទី១៣ និងសង្រ្កាន្ដ ជាការផ្សាភ្ជាប់និងលើកកម្ពស់នូវសកម្មភាពមនុស្សធម៌ កៀគររកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងសាកលវិទ្យាល័យ និងជួយប្រជាជនងាយរងគ្រោះនៅតាមសហគមន៍នានា និងលើកកម្ពស់វប្បធម៌ប្រពៃណីទំនាមទំលាប់របស់ប្រទេសជាតិយើងផងដែរ។

លោកបានថ្លែងទៀតថា «កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន គឺបានណែនាំ ចង្អុលបង្ហាញ និងជំរុញឱ្យក្លិបយុវជនកាកបាទក្រហមកម្ពុជា បន្ដបំពេញសកម្មភាពមនុស្សធម៌ ដោយឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតក្នុងសហគមន៍ ស្របតាមគោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ របស់ចលនាអន្ដរជាតិ»។

លើសពីនោះដើម្បីបន្ដគាំទ្រ និងលើកទឹកចិត្តចំពោះឆន្ទៈរបស់គណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន គាំទ្រចំពោះពិធីសប្បុរសធម៌លើកទី១៣ និងសង្ក្រាន្ដ នូវថវិកាចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល) សម្រាប់រួមចំណែកបំពេញការងារមនុស្សធម៌ ជួយបុគ្គលិក សាស្ដ្រាចារ្យ និស្សិត ដែលមានជីវភាពខ្វះខាត និងសកម្មភាពការងារមនុស្សធម៌ដទៃទៀតនៅតាមសហគមន៍ដែលគណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និងយុវជនកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើរួមគ្នា។

ពេលបញ្ចប់ការសំណេះសំណាលអគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា បានអញ្ជើញទៅទស្សនានៅតាមស្តង់ពិព័រ ដែលបានរៀបចំដោយនិស្សិត សប្បុរសជន អាជីវករ ដែលបានដាក់តាំងលក់នូវអាហារ និងសម្ភារៈផ្សេងៗប្រមាណជាង ២៧០ស្តង់៕