(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានសម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ត ALPHARD បង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង២នាក់ទៀតរបួស។

ជនជាតិចិនម្នាក់នោះមានឈ្មោះ LI MINGXIA ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ដែលជាអ្នកបើកបររថយន្តម៉ាក ALPHARD ត្រូវបានចោទពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

កាលពីយប់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខអាហារដ្ឋានសេងលីប ផ្លូវជាតិលេខ៣ ប្រសព្វផ្លូវបេតុងវត្តជន្លងម្លូ ភូមិព្រែកកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ កំពង់ស្ពឺ 2A-3960 ដែលបើកបត់ឆ្វេងនៅចំណុចផ្លូវបាត់សិទ្ធិ(មានផ្លាកសញ្ញាឈប់) ជាមួយរថយន្តមួយគ្រឿងទៀតម៉ាក ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2AS-8558 ដែលបើកបរលឿនលើសល្បឿនដែលច្បាប់កំណត់។ ហេតុការណ៍នេះ បណ្តាលឲ្យឈ្មោះ មុំ សុវណ្ណដា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាក HYUNDAI ស្លាប់បាត់បង់ជីវិត និងអ្នករួមដំណើរចំនួន២រូប មានឈ្មោះ មឿន សុខចំរុង ភេទប្រុស អាយុ១៤ឆ្នាំ និងឈ្មោះ វុយ បញ្ញា ភេទប្រុស រងរបួសស្រាល។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀងផ្ទាត់លើភស្តុតាងនានា តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ លើឈ្មោះ LI MINGXIA ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការបន្តតាមនីតិវិធីផងដែរ៕