(ត្បូងឃ្មុំ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី បានអញ្ជើញ​ជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងពទ្ធសីមាវត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) និងបានសំណេះសំណាលជាមួយលោកតា​ លោកយាយ​ ប្រជាពលរដ្ឋ​ នៅភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកឧកញ៉ា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ ប្រធាន​គណៈកម្មការសាងសង់វត្ត, លោកស្រី លាង វួចឆេង ហ៊ុន ណេង, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, ថ្នាក់ដឹកនាំមន្រ្តីរាជការនានាជុំវិញខេត្ត, ព្រះសង្ឃនិមន្តមកពីវត្តនានា និងប្រជាពលរដ្ឋជាង១,០០០នាក់ចូលរួមផងដែរ។

ក្នុងឱកាសនោះ​​លោកកិត្តិសង្គហបណ្ឌិត បានមានមតិសំណេះសំណាល និ​ង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី។

លោក កិត្តិសង្គហបណ្ឌិត បានបន្តថា ប្រជាពលរដ្ឋសុខសាន្តក្រោមម្លប់សន្តិភាព បានមកដោយសារការដាក់ចេញនៅយុទ្ធសាស្រ្តឈ្នះ​​ឈ្នះ​ របស់សម្តេចតេជោ ហ៊ុន​ សែន​ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព​ ស្ថិរភាពនយោបាយ ​និងពោរពេញដោយការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ​ទាំងពុទ្ធចក្រ និងអាណាចក្រដែលវិស័យទាំងពីរនេះ ត្រូវតែដើរព្រមគ្នាមិនអាចខ្វះគ្នាបាន ​បើអាណាចក្រដួលរលំហើយនោះពុទ្ធចក្រ ក៏មិនអាចឈរបានដូចអ្វីដែលយើងទាំងអស់គ្នា បានធ្លាប់ជួបប្រទះកាលពីរបបវាលពិឃាត​នោះ។

ជាមួយគ្នានេះ​ ​លោក កិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់​មហារគ្រួសារខេត្តត្បូងឃ្មុំ ទាំងអស់ ដែលបានថែរក្សានូវ សុខសន្តិភាព​ និងសូមបន្តថែរក្សានូវសន្តិភាព ជាពិសេសបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា គឺគាំទ្រ​សម្តេចមហាបវរធិបតី ជានាយករដ្ឋមន្រ្តី ដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាយើង បានរីកចម្រើនរុងរឿងជាបន្តទៅទៀត៕