(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកដំណើរការសង្ក្រាន្តវិទ្យាល័យពោធិ៍សាត់ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ គ្រឹស្តសករាជ២០២៤ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។

ថ្លែងក្នុងឱកាសបើកដំណើរការសង្ក្រាន្តវិទ្យាល័យពោធិ៍សាត់នាថ្ងៃនេះ លោក ខូយ រីដា បានកោតសរសើរ ចំពោះក្រុមការងារ លោកគ្រូ អ្នកគ្រូ យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានរួមគ្នា រៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យ ក្នុងក្រុងពោធិ៍សាត់នេះឡើង ញ៉ាំងបរិកាសឱ្យសប្បាយរីករាយ។ លោកសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្អូនៗក្មួយៗ ប្រកបដោយសាមគ្គីភាព ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះឡើង ដោយភាពច្នៃប្រឌិត បង្កើតបានជារូបភាពល្អៗ ដើម្បីទាក់ទាញអ្នកចូលរួមមកលេងកម្សាន្តពីគ្រប់ក្រុងស្រុក។ នេះបង្ហាញឱ្យឃើញពីការចូលរួមចំណែកក្នុងការលម្អសោភណភាព និងសកម្មភាពនានា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង។

ពិតណាស់ ស្របតាមអនុប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត រៀបចំកម្មវិធីសង្ក្រាន្តរៀងៗខ្លួន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ, ជាក់ស្តែងរដ្ឋបាលខេត្តពោធិ៍សាត់ ក៏បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលឆ្នាំថ្មីនាពេលខាងមុខ ដោយមានការរៀបចំភ្លើងលម្អ តាមសួនច្បារសាធារណៈ និងរៀបចំកម្មវិធីសប្បាយផ្សេងៗ លេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ នៅលើបុរីវប្បធម៌កោះសំពៅមាសផងដែរ។

លោកបានបន្ថែមថា តាមរយៈការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដែលប្រជាជនយើងបានរៀបចំជារៀងរាល់ឆ្នាំ បានឆ្លុះ បញ្ចាំងពីតម្លៃ នៃសន្តិភាព និងការឯកភាពជាតិពេញលេញ កើតចេញពីស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន បាននាំមកនូវសន្តិភាព និងការរីកចម្រើន លើគ្រប់វិស័យទូទាំងប្រទេសកន្លងមកនេះ។ កត្តាសន្តិភាព ខេត្តពោធិ៍សាត់ ទទួលបានភាពរីកចម្រើន និងការអភិវឌ្ឍ គួរជាទីមោទនៈ ដោយក្នុងនោះ យើងសម្រេចបានសមិទ្ធផលល្អៗ និងទទួលបានការវិនិយោគសំខាន់ៗជាច្រើន ហើយបានបង្កើតការងារបានកាន់តែប្រសើរឡើង ជូនដល់ប្រជាពលរដ្ឋ ពិសេសសម្រាប់ស្រទាប់យុវជន។ ក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងខេត្ត ត្រូវបានសាងសង់ ជាបន្តបន្ទាប់ ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ព្រមទាំងបានចូលរួមលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងភាពប៉ិនប្រសព្វ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ប្រភេទ យកចិត្តទុកដាក់ពង្រឹង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កបរិយាកាសល្អប្រសើរ អំឡុងពេលព្រឹត្តិការណ៍សង្ក្រាន្តនៅវិទ្យាល័យពោធិ៍សាត់ និងនៅខេត្តយើង។ ជាមួយគ្នានេះ លោកសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ គ្រប់គ្រង និងក្តាប់ស្ថានការណ៍ព្រឹត្តិការណ៍សង្ក្រាន្តយើង ឱ្យខាងតែបាន ក្នុងករណីមានបញ្ហាអសន្តិសុខ អនាធិបតេយ្យ និងភាពមិនប្រក្រតី ត្រូវចាត់វិធានការរដ្ឋបាល ឬអនុវត្តច្បាប់ រួចធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់។

លោកសូមអំពាវនាវ លោកគ្រូ អ្នកគ្រូ ក្មួយៗ យុវជន សិស្សានុសិស្ស សូមចូលរួមសកម្មភាពតាមដែលអាចធ្វើទៅបាន ជាមួយអាជ្ញាធរយើងឱ្យកាន់តែជិតស្និទ្ធ និងញ៉ាំងឱ្យកម្មវិធី សង្ក្រាន្តយើងប្រព្រឹត្តទៅដោយភាពរីករាយ និងអធិកអធម។

ក្នុងឱកាសនោះ ក៏មានការសម្តែងក្បាច់គុណល្បុក្កតោ ការសម្តែងរបាំត្រុដិ ពិធីរំលឹកគុណគ្រូ ការសម្តែងល្ខោនយីកេរឿងម៉ាក់ថឺង ការបង្ហាញការរាំចង្វាក់ម៉ាឌីហ្សន និងណាំណាវ របស់ក្រុមសិស្សានុសិស្សវិទ្យាល័យពោធិ៍សាត់ និងពេលរសៀលក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ការច្រៀងរាំ និងដើរបង្ហាញម៉ូតផងដែរ៕