(ថៃ)៖ នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកម្មវិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន និងផ្តល់មូនិធិដល់កុមារកំព្រា ជាមួយមេដឹកនាំឥស្លាមទាំង៥ខេត្ត នៅភាគខាងត្បូងថៃ (Patani Jala Songkla Naratiwat Satun) ក្រោមអធិបតីភាពលោក Wan Mohammad Noor Matha ប្រធានរដ្ឋសភាថៃ និងលោក Aroon Boonchom ប្រធានក្រុមប្រឹក្សាកណ្ដាលឥស្លាមថៃ។

កម្មវិធីនេះ រៀបចំដោយសម្ព័ន្ធក្រុមប្រឹក្សាឥស្លាមថៃ នៅពហុកីឡដ្ឋាន ខេត្តប៉ាតានី ប្រទេសថៃ ក្នុងនោះមានការផ្ដល់នូវអំណោយថវិកាជូនដល់កុមារកំព្រា១៥០០នាក់ និងមានអ្នកចូលរួមសរុបប្រមាណជាង៤៥០០នាក់។

ក្នុងឱកាសនេះ លោកបណ្ឌិត បានថ្លែងឡើងពីវឌ្ឍនៈភាពនៅកម្ពុជាថា  បច្ចុប្បន្នកម្ពុជាបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្រប់សាសនាទាំងអស់នៅកម្ពុជា អាចរស់នៅជាមួយគ្នាបាន ដោយក្ដីគោរពគ្នាទៅវិញទៅមក គ្មានជម្លោះសាសនា និងរស់នៅជាមួយគ្នា ប្រកបដោយសេចក្ដីសុខសាន្ត ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត កំពុងធ្វើប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យផងដែរ។ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។

លោកបន្ថែមថា នេះជាមូលហេតុ ដែលអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានសម្រេចជ្រើសយកប្រទេសកម្ពុជា ជាប្រទេសគំរូសម្រាប់ពិភពលោក ក្នុងការធ្វើឲ្យមានសុខដុមនីយកម្មយ៉ាងពិតប្រាកដ។

នាឱកាសនោះ លោក Wan Mohammad Noor Matha ប្រធានរដ្ឋសភាថៃ បានកោតសរសើរពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាពលរដ្ឋមានសិទ្ធសេរីភាព និងរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា។

ទន្ទឹមគ្នានេះដែរ លោកក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង និងបានថ្លែងអំណរអរគុណដល់ប្រតិភូមកម្ពុជា ជាពិសេសលោកបណ្ដិត អូស្មាន ហាស្សាន់ ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនាពេលនេះ ដើម្បីលើកលើកទឹកចិត្តដល់កុមារកំព្រា។

សូមជម្រាបថា កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២៤ កន្លងទៅ លោកបណ្ឌិត អូស្មាន ហាស្សានើ ក៏បានទៅចូលរួមកម្មវិធីពិសារអាហារស្រាយបួសជាមួយថ្នាក់ដឹកនាំថៃមកពី ៥ខេត្តភាគខាងត្បូងថៃម្ដងហើយ ដែលរៀបចំដោយ លោកប្រធានរដ្ឋសភាថៃ (Wan Mohammad Noor Matha) មានអ្នកចូលរួមជាង២០០០នាក់ នៅខេត្តយ៉ាឡា ប្រទេសថៃ៕