(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញមកទាត់ចោលព័ត៌មានផ្សាយថា វៀតណាមបានបោះទីតាំង នៅបញ្ជាការដ្ឋានផ្នែកសឹករងបារាយណ៍។ បើតាមរដ្ឋបាលខេត្តកំពង់ធំ ទង់ជាតិវៀតណាម នៅបញ្ជាការដ្ឋានផ្នែកសឹករងបារាយណ៍ គ្រាន់តែជាពិធីការទទួលប្រតិភូវៀតណាម ដែលទៅជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែប៉ុណ្ណោះ។

ការចេញមកច្រានចោលព័ត៌មាននេះ បន្ទាប់ពីកាលពីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ គឹម រឹត លើកឡើងថា «អាឃ្លោកបងអើយ (វៀតណាម) ដល់ដំបូងផ្ទះយើងហើយ» និងទំព័រហ្វេសប៊ុកឈ្មោះ បុព្វបុរសខ្មែរ លើកឡើងថា «គេ (វៀតណាម) ចូលមកបណ្តើរៗហើយ អ្នកមិនគិត គឺដូចសម័យដាំតែអុង»។

ប៉ុន្តែ រដ្ឋបាលខេត្តកំពង់ធំ បានចាត់ទុកការផ្សាយនេះ ជាការញុះញង់ រើសអើងជាតិសាសន៍ និងធ្វើឲ្យសាធារណមតិ មានការយល់ច្រឡំ ការរៀបចំតុបតែងទង់ជាតិ នៃ ប្រទេសនីមួយៗ ជាការអនុវត្តសកល ក្នុងការទទួលភ្ញៀវអន្តរជាតិ។

រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា «ការដឹកនាំប្រតិភូមកសាកសួរសុខ ទុក្ខ និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនីមួយៗ ប្រតិភូនៃទីក្រុងហូជីមិញ និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង តែងតែអនុវត្តជារៀងរាល់ឆ្នាំ ដើម្បីរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ»

រដ្ឋបាលខេត្តកំពង់ធំ បានបដិសេដទាំងស្រុងចំពោះព័ត៌មាននេះដែលមាន ចរិតញុះញង់ រើសអើងជាតិសាសន៍ និងគ្មានប្រភពច្បាស់លាស់៕