(មណ្ឌលគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំអង្គប្រជុំជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត​ លោក-លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក រួមទាំងប្រធានមណ្ឌលសុខភាពទាំង១៦កន្លែងមេឃុំ និងចៅសង្កាត់ទាំង២១ និងអង្គការដៃគូចំនួន៩​ នៅខេត្តមណ្ឌលគីរី។

ក្នុងកិច្ចប្រជុំនាពេលកន្លងទៅនេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចូលរួមសហការជាមួយក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់​ និងជាពិសេសការងារសុខាភិបាលកម្រិតមូលដ្ឋាន នៃខេត្តមណ្ឌលគិរីនេះ ក្នុងការរៀបចំឱ្យបាននូវផែនការសកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២៤-២០២៥​ សំដៅជំរុញបង្កេីនការថែទាំសុខភាពបឋម ដោយផ្អែកលើទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល ដែលកំពុងតែដាក់ចេញឲ្យអនុវត្តន៍នេះ។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ដោយស្នើឲ្យបន្តអនុវត្តន៍កិច្ចការអាទិភាពដែលនឹងកំណត់រួមគ្នានេះ​ ឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបាននូវការបម្រើសេវាសុខភាព បានដិតដល់ និងទាន់ពេលវេលា រួមទាំងកាត់បន្ថយនូវហានិភ័យសុខភាពផ្សេងៗ ដែលអាចកើតមាននៅក្នុងសហគមន៍របស់ខ្លួន។

គួរកត់សម្គាល់ថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលកត់សម្គាល់ឃេីញដោយឡែកមួយ​ ដែលមានថ្នាក់ដឹកនាំមូលដ្ឋានចូលរួមក្នុងកិច្ចការសុខាភិបាល ជាស្ត្រីច្រើន​គួរសម​ ហើយលោកស្រីក៏បានសម្ដែងនូវការលើកទឹកចិត្ត និងជំរុញការចូលរួមរបស់ស្រ្តីឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសក្នុងការងារពង្រឹងគុណភាពសេវាសុខាភិបាល ក៏ដូចជាជំរុញបន្ថែមលើការថែទាំសុខភាពបឋម របស់បុគ្គល គ្រួសារ និងសហគមន៍ផងដែរ។

មុនបញ្ចប់កិច្ចប្រជុំ លោកស្រី ឱ វណ្ណឌីន បានប្រគល់គំរូផែនការសកម្មភាពអាទិភាព និងឯកសារអប់រំសុខភាព ដាក់ក្នុងឧបករណ៍ផ្ទុកឯកសារយូអេសប៊ី (USB) សម្រាប់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនៅក្នុងខេត្តមណ្ឌលគីរី ដើម្បីយកទៅប្រើប្រាស់ និងផ្សព្វផ្សាយនៅតាមទីតាំងរបស់ខ្លួន។

ក្រោយពីកិច្ចពិភាក្សាគ្នារួចមក លទ្ធផលនៃកិច្ចប្រជុំនេះ សម្រេចបានប្រហាក់ប្រហែលទៅនឹងកិច្ចប្រជុំនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលបានចែករំលែកផ្សាយជូន កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។

ក្រោមដំណើរបេសកកម្មពីថ្ងៃទី០៣ ដល់ទី០៤ ខែមេសា ឆ្នាំ២០២៤នេះ លោកស្រី ឱ វណ្ណឌីន និងក្រុមការងារ បានចុះត្រួតពិនិត្យមណ្ឌលសុខភាពចំនួន៣ រួមមាន មណ្ឌលសុខភាពរវាក់ មណ្ឌលសុខភាពជូព្រៃ និងមណ្ឌលសុខភាពអូរអាម។

បន្ថែមពីនេះ លោកស្រីបានឆ្លៀតពេលចូលទៅកាន់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដើម្បីពិនិត្យមើលស្ថានភាព និងសួរសុខទុក្ខ បុរសដែលបានជួបបញ្ហាពុលសាច់ជ្រូកព្រៃ កាលពីពេលកន្លងទៅថ្មីៗនេះ​ និងបានផ្តល់ថវិកាមួយចំនួន ដេីម្បីជាការចូលរួមចំណែកជួយដោះស្រាយទុក្ខលំបាករបស់ភរិយាអ្នកពុលនាពេលនោះ និងជូនពរឲ្យគាត់ឆាប់បានជាសះស្បេីយផងដែរ៕