(ភ្នំពេញ)៖ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ បន្ទាប់ពីថៃបានដាក់ពាក្យ «សុង​ក្រាន​ ក្នុងប្រទេសថៃ- Songkran in Thailand» ជាសម្បត្ដិបេតិកភណ្ឌអរូបី របស់អង្គការយូណេស្កូមកធ្វើឲ្យមហាជនខ្មែរ អ្នកលេងបណ្ដាញសង្គម Facebook ខ្លះបានលើកយកពាក្យ «សង្រ្កាន្ដ» មកជជែកវែកញែកយ៉ាងផុលផុស រហូតអ្នកខ្លះបញ្ចេញមតិនៃគំនិ៎តខ្លួនថា ខ្មែរ​ពុំគួរប្រើពាក្យ «សង្រ្កាន្ដ» ទៀតទេ ព្រោះប្រៀបដូចជា ការជួយផ្សព្វផ្សាយឲ្យសង្រ្កាន្ដថៃ ឬយ៉ាងនេះយ៉ាងនោះ។

តើខ្មែរគួរទាត់ចោលពាក្យ «សង្រ្កាន្ដ» ឬយ៉ាងណា ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បាន​ថ្លែងថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ទេវតា​ព្រះនាម មហោទរាទេវី ជា​បុត្រី​ទី​៧ របស់កបិល​មហាព្រហ្ម ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ចំថ្ងៃសៅរ៍ ទី១៣ វេលាម៉ោង២២.២៤នាទី ជាថ្ងៃមហាសង្រ្កាន្ដ , ថ្ងៃទី១៤-១៥ជាថ្ងៃវិរ:វ័នបត និង​ថ្ងៃទី១៦ ជាថ្ងៃទ្បើងស័ក ដ៏ប្រពៃថ្លៃថ្លាដែលនឹងឈានមកដល់ខាងមុខនេះ។

បើពោលអំពីពាក្យ «សង្រ្កាន្ដ» ខ្មែរពុំគួរមានគំនិតទាត់ចោលនោះទេ។ ពីព្រោះពាក្យ «សង្រ្កាន្ដ» នេះ ខ្មែរយើងបានប្រើនិងស្គាល់តាំងពីរាប់ពាន់ឆ្នាំមកហើយ។ បើពោលឲ្យចំ តាំងពីបរមបុរាណតរៀងមក ខ្មែរហាក់ពុំដែលជជែកគ្នាយ៉ាងសម្បើម និងប្រទូស្ដរ៉ាយដូចសព្វថ្ងៃនេះទេ។

មួយវិញទៀត ចំពោះការអះអាងថា បើខ្មែរ ប្រើពាក្យ «សង្រ្កាន្ដ» ប្រៀបដូចជាការជួយផ្សព្វផ្សាយឲ្យសុងក្រានក្នុងប្រទេសថៃ វាហាក់ពុំសមទំនងទាល់តែសោះ។ ពីព្រោះអ្នកស្រាវជ្រាវមិនថា ជាតិខ្លួន ឬក៏បរទេសនោះទេ គេតែងស្វែងយល់អំពីប្រភពឫសគល់ នៃពាក្យរបស់វប្បធម៌នៃជាតិសាសន៍នីមួយៗយ៉ាងស៊ីជម្រៅបំផុត។ ហេតុនេះចំពោះគំនិតចង់ទាត់ចោលពាក្យសង្រ្កាន្ដនេះ តើមិនស្មើនឹងការទាត់ចោលនូវមរតកវប្បធម៌របស់បុព្វបុរសខ្លួន ដែលមានតាំងពីរាប់ពាន់ឆ្នាំមកហើយទេឬអ្វី?។

ពាក្យ «សង្រ្កាន្ដ» ជាភាសាសំស្រ្ដឹត និយាយតាមតារាសាស្រ្ដ ជាដំណើរគោចររបស់ព្រះអាទិត្យបាន១ជុំផែនដី ឬ១ជុំចក្រវាទ្ប គឺ១ឆ្នាំ។ ពីព្រោះដើម្បីរាប់ពេលវេលា គេចែកជារាសីចក្រ ទៅតាមដំណើរព្រះអាទិត្យ ជា១២ល្វែងរាសីចក្រ ឬ ល្វែងមេឃស្មើនិង១ឆ្នាំ។ ហើយព្រះអាទិត្យវិលជុំវិញ ១២ល្វែង បាន១ជុំ គឺបានផុតឆ្នាំចាស់ ចូលឆ្នាំថ្មី គេហៅថា «សង្រ្កាន្ដ» ថ្មី។

បើពោលឲ្យចំ «សង្រ្កាន្ដ» ជាភាសាសំស្រ្ដឹត ខ្មែរយើងមានភាសាខ្លួនឯងហៅថា «ចូលឆ្នាំថ្មី»។ ក្នុងកិច្ចពិធីផ្សេងៗ រវាងដាច់ឆ្នាំចាស់-ផ្លាស់ឆ្នាំថ្មីហ្នឹងឯង វាមានបីថ្ងៃជាប់គ្នាហៅថា វដ្ដសង្សាគឺថ្ងៃទី១ ហៅថ្ងៃដាច់ឆ្នាំចាស់ បន្ទាប់មកថ្ងៃទី២ ជាថ្ងៃអន្ដរកាល និងថ្ងៃទី៣ គឺថ្ងៃវីរទ្បើងស័កហៅ សង្រ្កាន្ដថ្មី។

លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះ បើនិយាយអំពីអំបូរភាសា-អក្សរនេះទៀតសោត របស់ជាតិសាសន៍នានា លើពិភពលោកនេះ ខ្មែរយើងជាជាតិសាសន៍មួយមានភាសា-អក្សរដ៏បរមបុរាណជាងគេនៅក្នុងតំបន់។ ហេតុនេះយើងត្រូវយល់ថា តាំងពីសម័យបរមបុរាណ ខ្មែរយើងមានភាសាផ្ទាល់ខ្លួនផង និងភាសាហូរចូលពីប្រទេសដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដមផង។

ក្នុងនោះ មានភាសាសំស្រ្ដឹត បន្ទាប់មកភាសាបាលី ជាភាសាបរមបុរាណ និងជាភាសាដែលធ្វើឲ្យថ្កុំថ្កើនឧត្ដុង្គឧត្ដមពីសម័យបុរាណ ចេញពីអរិយធម៌ឥណ្ឌា ពុំមែនភាសាអង់គ្លេស,បារាំង ដែលជាភាសាទើបនិងរីកចម្រើនថ្មី ក្លាយជាភាសាអរិយធម៌នៃសម័យទំនើបយើងនេះទេ។ ព្រោះវប្បធម៌ គឺជាអ្វីដែលមានពីយូរលង់មកហើយ។

សព្វថ្ងៃ អ្វីដែលគួរឲ្យកត់សម្គាល់គឺនៅត្រង់ថា ការយកពាក្យ «សង្រ្កាន្ដ» មកបូកនឹងឈ្មោះនេះ បូកនឹងឈ្មោះនោះ យ៉ាងគគ្រឹងគគ្រេងប៉ុណ្ណោះ។ ព្រោះវាហាក់ដូចនាំគ្នាបង្កើតថ្មី ដែលធ្វើឲ្យឃ្លាតចាកពីឫសគល់ក្បួនខ្នាតចាស់ នាំឲ្យយើងច្របូកច្របល់ ដល់អីចឹងទៅរកមូលហេតុមកបកស្រាយ វិលវល់ពេញបណ្តាញសង្គម Facebook គឺមិនខុសពីចាស់បុរាណពោលថា នាំគ្នាយកអាខុសមកពន្យល់អាខុសនោះទេ។

ដូច្នេះតាមទំនៀមនៅ​មុន​ពេល​បុណ្យចូល​ឆ្នាំ​ថ្មី គេ​នាំ​គ្នា​រៀបចំ​តុប​តែង​ផ្ទះ​សម្បែង សម្អាត​ទីធ្លា វត្ត​អារាម ផ្លូវ​ថ្នល់ ចេតិយ រមណីយដ្ឋាន សង់​រាន​ទេវតា និងត្រៀម​សម្លៀក​បំពាក់​ថ្មីៗ​ ជូនដល់មាតាបិតា ជី​ដូនជីតា​ចាស់ទុំដើម្បីជា​កិច្ច​តប​ស្នង​សង​គុណ​ដល់បុព្វការីជន​របស់ខ្លួន។ ព្រោះជំនឿថា ជា​ឱកាស​ជម្រះ​នូវឧបទ្រពចង្រៃ​នៅឆ្នាំ​ចាស់​ឲ្យជ្រះ​ស្រឡះ ដើម្បី​ទទួល​យកអ្វីដែល​ប្រសើរ​ ដែលល្អជាមួយ​ ទេវតាឆ្នាំ​​ថ្មី ក្នុង​ក្តី​សោមនស្ស​រីករាយនិងក្សេមក្សាន្ត​មានសិរីសួស្ដីក្នុងសុខសន្តិភាព ។

ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរនេះ មនុស្សម្នា​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កំលោះ ​ទាំង​ក្រមុំ ប្រជុំ​គ្នា​លេង​ល្បែងប្រជាប្រិយ​ផ្សេងៗ​មានល្បែង​ចោល​ឈូង ល្បែង​បោះ​អង្គញ់​ លាក់កន្សែង រាំវង់ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ពេញ​និយម​ជា​ច្រើន​ទៀត ពោរពេញដោយ​ភាពសប្បាយរីករាយ និងមានសាមគ្គីភាពបំផុត៕