(ភ្នំពេញ)៖ យ៉ាងហោចណាស់មានសិស្សលើសពី៣៣០នាក់បានចូលរួមផ្ទាល់ក្នុងកម្មវិធីប្រកួតពានរង្វាន់អប់រំពេញមួយជីវិត ក្រោមប្រធានបទ «ការអភិវឌ្ឍមូលធនមនុស្ស គឺជាសរសៃឈាមជួយឱ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០» ដែលរៀបចំដោយឌីប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយជោគជ័យចំនួន៣លើកមកហើយ តាំងពីឆ្នាំ២០២២មក ដោយលើកទី៣ចុងក្រោយនេះក៏ទើបតែបញ្ចប់ទៅនាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ខណៈលើកទី៣នេះដែរមានសិស្សចូលរួមដល់ទៅ១១០ក្រុម ដោយក្នុងមួយក្រុមៗមានសិស្ស៣នាក់ សរុបទៅយ៉ាងតិចក៏៣៣០នាក់ដែរ។

ពិធីប្រគល់ពានរង្វាន់អប់រំពេញមួយជីវិតប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកទី៣ ឆ្នាំ២០២៤ ត្រូវបានរៀបចំក្រោមអធិបតីពីលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីលោក ឌី សមស៊ីដេត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត លោក មឿន ចន្ទ្រា ប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកស្រី ពៅ វណ្ណា នាយិកាអង្គការ DVV International ព្រមទាំងដៃគូសហការឧបត្ថម្ភ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នារសៀលថ្ងៃទី៦ ខែមេសា។

លោកប្រធានដេប៉ាតឺម៉ង់ មឿន ចន្ទ្រា បានឱ្យដឹងថា ពានរង្វាន់អប់រំពេញមួយជីវិត លើកទី៣នេះ គឺត្រូវបានបែងចែកជា២ដំណាក់កាល៖

* ដំណាក់កាលទី១៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចេញផ្សាយសេចក្ដីជូនដំណឹងជាសាធារណៈតាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឱ្យសិស្សានុសិស្សដែលមានបំណងចង់ចូលរួមប្រកួតប្រជែង ពួកគេដាក់ពាក្យចុះឈ្មោះមកកាន់គណៈកម្មការរៀបចំការប្រកួត ក្នុងនោះគណៈកម្មការទទួលបានការចុះឈ្មោះពីសិស្សរហូតដល់១១០ក្រុម ក្នុងមួយក្រុមមានគ្នា៣នាក់ ដូច្នេះសរុបយ៉ាងតិច៣៣០នាក់ មកពី១៥រាជធានី-ខេត្ត ដែលចំនួននេះគឺស្ទុះលើសពីឆ្នាំ២០២៣ដែលមានមិនដល់៨០ក្រុមផង។ គណៈកម្មការបានតម្រូវឱ្យសិស្សដែលចូលរួមទាំង១១០ក្រុម បង្កើតវីដេអូខ្លីបង្ហាញពីចំណាប់អារម្មណ៍ដែលចង់ចូលរួមក្នុងកម្មវិធីនេះ រួចហើយត្រូវផ្ញើមកឱ្យគណៈកម្មការ។ ក្រោយមក ក្រុមសិស្សនីមួយៗត្រូវធ្វើសំណេរបែបពន្យល់លើប្រធាន «ការអភិវឌ្ឍមូលធនមនុស្ស គឺជាសរសៃឈាមជួយឱ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០» ដោយត្រូវអនុវត្តតាមទម្រង់ដែលគណៈកម្មការផ្ដល់ជូន ហើយពួកគាត់ត្រូវបកស្រាយ ភ្ជាប់ជាមួយទឡ្ហីករណ៍នានាក្នុងសំណេររបស់ខ្លួន។ បន្ទាប់ពីទទួលបានអត្ថបទសំណេរទាំងនោះហើយ គណៈកម្មការនឹងត្រួតពិនិត្យលើស្នាដៃទាំងនោះ ហើយដាក់ពន្ទុលើសំណេរទាំងនោះ ដើម្បីជ្រើសរើសយកក្រុមដែលទទួលបានពិន្ទុលើសគេចំនួន៥ក្រុម។

* ដំណាក់កាលទី២៖ ជើងខ្លាំង៥ក្រុមនេះនឹងត្រូវមកធ្វើបង្ហាញដោយផ្ទាល់នៅចំពោះមុខគណៈកម្មការលើស្នាដៃរបស់ខ្លួន ក៏ដូចជាការយល់ឃើញបន្ថែមរបស់ក្រុម ព្រមទាំងមានការឆ្លើយសំណួររបស់គណៈកម្មការទៀតដែរ ដើម្បីដាក់ពិន្ទុចុងក្រោយ ដូច្នេះគណៈកម្មការបូកពិន្ទុនៅដំណាក់កាលទី១ និងដំណាក់កាលទី២បញ្ចូលគ្នា ដើម្បីធ្វើសេចក្ដីសម្រេចចុងក្រោយលើជ័យលាភីលេខ១ លេខ២ និងលេខ៣ (Top 3)។

សម្រាប់ជ័យលាភីនៃការប្រកួត៖
* ពានរង្វាន់ជ័យលាភីលេខ១ បានទៅលើក្រុមសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ស្គន់ (ស្រុកជើងព្រៃ ខេត្តកំពង់ចាម)
* ជ័យលាភីលេខ២ បានទៅលើក្រុមសិស្សមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ (សាលារៀនជំនាន់ថ្មី) រាជធានីភ្នំពេញ
* ជ័យលាភីលេខ៣ បានទៅលើក្រុមសិស្សមកពីវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា​ ស៉ីម ព្រែកអញ្ចាញ (សាលារៀនជំនាន់ថ្មី) ស្រុកមុខកំពូល ខេត្តកណ្ដាល
* ក្រៅពីនេះក៏មានក្រុមសិស្សដែលបានធ្វើវីដេអូបង្ហោះលើបណ្ដាញសង្គម ហើយទទួលបានអ្នកទស្សនាច្រើនជាងគេផងដែរ គឺរហូតដល់ជាង៩សែនដង (ជាង90K)។

លោក មឿន ចន្ទ្រា បានបន្តថា ជ័យលាភីលេខ១ទទួលបានរង្វាន់ជាកុំព្យូទ័រម្នាក់១គ្រឿង សម្រាប់បង្កើនប្រសិទ្ធភាពក្នុងការសិក្សាបន្តរបស់ពួកគេ។ ជ័យលាភីលេខ២ និងជ័យលាភីលេខ៣ គឺទទួលបានថវិកាលើកទឹកចិត្តមួយចំនួនទៀត។ ក្រុមលេខ៤ និងលេខ៥ ក៏ទទួលបានថវិកាលើកទឹកចិត្តខ្លះដែរតាមលំដាប់។ សម្រាប់សិស្សដែលមកពីខេត្តឆ្ងាយៗ គណៈកម្មការក៏មានផ្ដល់ថវិកាជាសោហ៊ុយក្នុងការធ្វើដំណើរ ស្នាក់នៅខ្លះផងដែរ។

លោកបានបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតពានរង្វាន់អប់រំពេញមួយជីវិតនេះឡើង គឺដើម្បីរួមចំណែកផ្សព្វផ្សាយនិងផ្ដល់ចំណេះដឹងពីគោលនយោបាយស្ដីពីការសិក្សាពេញមួយជីវិតរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីឱ្យយុវជនបង្កើនការលើកកម្ពស់ការប្រើប្រាស់ភាសាជាតិ តាមរយៈការសរសេរសំណេរជាភាសាខ្មែរ។ គួរជម្រាបថា គោលនយោបាយស្ដីពីការសិក្សាពេញមួយជីវិត ត្រូវបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០១៩មកម្ល៉េះ។

ជាការកត់សម្គាល់របស់ប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត ដោយផ្អែកលើសំណេររបស់ក្រុមសិស្សនីមួយៗ គឺបង្ហាញពីការយល់ដឹងកាន់តែច្រើន ពិសេសគឺបានដឹងនិងបង្ហាញអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលសរបញ្ជាក់ឱ្យឃើញថា យុវជនរបស់កម្ពុជាកំពុងតាមដាននិងយល់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អ៉ឺចឹងពួកគាត់នឹងរួមចំណែកបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយនេះ។

យុវតី គ្រេង ច័ន្ទពិសី, យុវជន ឆាន់ សុផានរបុត្រ និងយុវជន ខុន សុខណែម ជាក្រុមជ័យលាភីលេខ១ បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលពួកគេចូលរួមប្រកួតជាសាធារណៈបែបនេះ តែក្រុមនេះបានប្ដេជ្ញាជាមួយគ្នាថានឹងធ្វើឱ្យអស់ពីសមត្ថភាព ទោះជាបានលទ្ធផលយ៉ាងណាក៏អស់ចិត្តទាំងអស់គ្នា ប៉ុន្តែលទ្ធផលទទួលបាននេះគឺពិតជារីករាយដោយមិននឹកស្មានដល់។

យុវតី គ្រេង ច័ន្ទពិសី បានលើកទឹកចិត្តដល់សិស្សានុសិស្សដទៃទៀត សូមមានភាពក្លាហានក្នុងការចូលរួមក្នុងកម្មវិធីដែលផ្ដល់ចំណេះដឹងបន្ថែមដល់យើង ពីព្រោះការចូលរួមទាំងនោះគឺជាការវាស់ស្ទង់សមត្ថភាពរបស់យើង និងទទួលបានបទពិសោធន៍មកវិញ។ ការចូលរួមកាន់តែច្រើន យើងនឹងទទួលបានបទពិសោធន៍កាន់តែច្រើន ហើយបំពេញភាពខ្វះចន្លោះរបស់ខ្លួនបានកាន់តែល្អ។ ពិសី ក៏បានអំពាវនាវដល់យុវជនដទៃទៀតដែរថា សូមចូលរួមក្ដាប់ឱ្យបាននូវការសិក្សាអប់រំពេញមួយជីវិត ពីព្រោះមិនកំណត់អាយុវ័យនោះទេ បានន័យថា ចាប់ពីពេលចាប់កំណើតរហូតដល់ពេលអនិច្ចកម្មទៅវិញ គឺមនុស្សយើងត្រូវតែសិក្សាជាដរាប ពោលការអប់រំពេញមួយជីវិត គឺជាការអប់រំគ្មានដែនកំណត់

យុវជន ខុន សុខណែម បានចែករំលែកបទពិសោធន៍ដ៏ពិសេសៗថា ទោះបីក្រុមខ្លួនមានពេលតិច ផ្ទះនៅឆ្ងាយពីគ្នា ប៉ុន្តែពួកគេបានប្រើប្រាស់ «ប្រព័ន្ធឌីជីថល» ជាចាំបាច់ក្នុងការទាក់ទងគ្នា ដើម្បីសម្រេចបាននូវកិច្ចការដែលគណៈកម្មការរៀបចំការប្រកួតបានដាក់ឱ្យ។ ម្យ៉ាងទៀត ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការសិក្សាស្រាវជ្រាវក៏ជាគន្លឹះសំខាន់ដែរ ពីព្រោះប្រភពឯកសារនៅលើប្រព័ន្ធឌីជីថល គេហទំព័រ ឬបណ្ដាញសង្គមនានា ក៏បានជួយក្រុមខ្លួនយ៉ាងច្រើន និងនៅគ្រប់ដំណាក់កាល។ សុខណែម បន្តថា សំខាន់ចំណេះដឹងទូទៅដែលពួកគាត់បានខិតខំរៀនសូត្រផង បូកផ្សំនឹងទឹកចិត្តប្ដេជ្ញាខិតខំថាត្រូវតែធ្វើឱ្យអស់ពីសមត្ថភាព។

យុវជន ឆាន់ សុផានរបុត្រ បានលើកទឹកចិត្តដល់យុវជនផ្សេងទៀតដែរថា ប្រសិនបើយុវជនយើងមានឱកាសក្នុងការចូលរួមប្រកួតប្រជែងកម្មវិធីណាមួយ ក្រៅតែពីភាពក្លាហាន និងការប្ដេជ្ញា យើងក៏ត្រូវចេះផ្ដោតលើប្រធានបទដែលគណៈកម្មការដាក់ជូនឱ្យបានច្បាស់លាស់ រួចហើយបញ្ចេញសមត្ថភាពក្នុងការសរសេរ ក្នុងការធ្វើលើវិញ្ញាសាទាំងនោះឱ្យអស់ពីលទ្ធភាពដែលយើងបានរៀនសូត្រកន្លងមក ប្រសិនបើមានការខ្វះខាតអ្វីមួយនោះ ត្រូវចំណាយពេលពិភាក្សាក្រុម ឬអាចរកជំនួយពីគ្រូបង្វឹកយើង ពិសេសប្រព័ន្ធសង្គមជីឌីថលក៏អាចជួយយើងបានច្រើន។

លោករដ្ឋលេខាធិការ ណុះ ស្លេះ បានកើតសរសើរចំពោះការរៀបចំកម្មវិធីប្រកួតពានរង្វាន់អប់រំពេញមួយជីវិតនេះ និងគាំទ្រឱ្យធ្វើនៅឆ្នាំបន្តបន្ទាប់ទៀត ពីព្រោះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីឈានទៅរកការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកាន់តែរីកចម្រើន។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការចូលរួមជំរុញការសិក្សាពេញមួយជីវិតនឹងចូលរួមជំរុញចក្ខុវិស័យរបស់រដ្ឋាភិបាល គឺកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើតាមលោក មឿន ចន្ទ្រា ព្រមទាំងគណៈកម្មការ និងក្រុមការងារនឹងខិតខំបង្កើតកម្មវិធីប្រកួតពានរង្វាន់អប់រំពេញមួយជីវិតនេះនៅឆ្នាំបន្តបន្ទាប់ទៀត នោះប្រសិនបើមានធនធានគ្រប់គ្រាន់ ពីព្រោះលោកយល់ថាកម្មវិធីនេះបានជួយបណ្ដុះបណ្ដាល និងបង្កើនចំណេះដឹងយ៉ាងច្រើនដល់សិស្សានុសិស្សទូទាំងប្រទេស៕