(កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៉ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកឧកញ៉ា អែល សារ៉ុម រួមដំណើរដោយ លោក ពូន វណ្ណា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ បាននាំយកអំណោយជាថវិកា១១លានរៀល របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងវិស្វ័កម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្មេងកំព្រាមួយចំនួននៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ពិធីនេះធ្វើឡើងនៅក្នុងសាលាឃុំទងត្រឡាច ក្នុងនោះលោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍អំពីការកសាងផ្លូវចាប់ពីភូមិបឹងទីងដល់ចំណុចភូមិទងត្រឡាច ស្ថិតក្នុងឃុំទងត្រឡាច ដែលមានប្រវែង៧៥០០ម៉ែត្រ មកដល់បច្ចុប្បន្នបានស្ថាបនាដាក់លូ ក្រាលគ្រោះក្រហម និងនៅអមសងខាងផ្លូវមានបំពាក់អំពូលសូឡា រួចរាល់ជាស្ថាពរហើយ ហើយនឹងបន្តស្ថាបនាក្រាលកៅស៊ូ នៅក្នុងឆ្នាំ២០២៥ បន្តទៀត។

នៅក្នុងពិធីនោះ លោកឧកញ៉ា ឡូវ ហ៉ឺង បានសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់កងវិស្វកម្មរបស់ក្រសួងសាធារណការ បាននិងកំពុងឈរជើង ស្ថាបនាផ្លូវរហូតបានរួចរាល់ជាស្ថាពររហូតប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងល្អប្រសើរ។

ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៉ឺង ផ្ទាល់ សូមគោរពសម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលត្រូវបានសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាកម្ពុជា ដោយសំឡេងគាំទ្រចំនួន៦២លើ៦២សំឡេង។

លោកឧកញ៉ា ក៏បាននាំប្រសាសន៍សួរទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។

ក្រៅពីនាំយកថវិកាជូនកងវិស្វ័កម្មក្រសួងសាធារណការ អំណោយក៏ត្រូវបានផ្តល់ជូនក្មេងកំព្រាមួយចំនួនក្នុងឃុំ ដូចជាឧបត្ថម្ភកង់២គ្រឿងដល់កុមារីភ្លោះកំព្រាគ្មានទីពឹង ឧបត្ថម្ភថវិកាដល់ក្មេងកំព្រា៣នាក់, គ្រួសារសព និងអ្នកជំងឺដែលវះកាត់រួច, ឧបត្ថម្ភកម្មវិធីចូលឆ្នាំនៅវត្តចំនួន០៤, ឧបត្ថម្ភដល់សាលាឃុំ និងប្រជាពលរដ្ឋ ក្រខ្សត់មួយចំនួន សរុបថវិកាចំនួនប្រមាណ១១លានរៀល៕