(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លោក ផារ៉ា មង្គល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងលោកស្រី តាវ ម៉ាឌីណា ផារ៉ា មង្គល បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ដល់ធុងសំរាម ចំនួន២៥៦ធុង ដល់គ្រប់អង្គភាព មានដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារឥស្លាម នៅក្នុងស្រុកក្រូចឆ្មារ និងចែកដបទឹកចំនួន២០០ផងដែរ ជូនដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ ជា ចក ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាសិ្ទក។

ចំពោះសម្ភារៈដែលលោក ផារ៉ា មង្គល នាំយកមកផ្តល់ជូនទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី្ន តាមរយៈ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីទុកដាក់សម្រាម ការពារបរិស្ថាន ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ឆ្នាំថ្មីនេះ។

ជាមួយគ្នានោះ លោក ផារ៉ា មង្គល មានប្រសាសន៍ និងធ្វើការអបអរសាទរ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលទទួលបានការបោះឆ្នោតជាប់ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ បាននាំកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង។

បន្ថែមពីនេះ លោក ផារ៉ា មង្គល បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ផងដែរ។

ស្ថិតក្នុងឱកាសនេះដែរ លោក ក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ត្រូវខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្ស និងណែនាំកូនសិស្សឱ្យថែរក្សាអនាម័យ ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងដែលបណ្តាលមកពីកង្វះអនាម័យ។

ជាចុងក្រោយ លោក ផារ៉ា មង្គល បានផ្តាំផ្ញើដល់ ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសង ដើម្បីប្រែក្លាយខ្លួនជាយុវជនគំរូ និងជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិនាពេលអនាគត៕