(ភ្នំពេញ)៖ លោក ហ្សាវ លេខី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន (NPC) បានផ្ញើសារលិខិតសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជាឯកច្ឆ័ន្ធជ្រើសរើសជា «ប្រធានព្រឹទ្ធសភា» នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

តាមរយៈសារលិខិត លោក ហ្សាវ លេខី បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីការបោះឆ្នោតជ្រើសរើស សម្តេច តេជោ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា តំណាងប្រជាជនចិន (NPC) នៃសាធារណរដ្ឋប្រជាមានិតចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងការ អបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ សម្តេចប្រធាន»។

លោកបានបន្តថា ចិន និងកម្ពុជា ជាអ្នកជិតខាងជិតស្និទ្ធ និងជាមិត្តដែកថែប។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងរបស់សម្តេចប្រធាន ការកសាង សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា មានសន្ទុះកើនឡើង នាំឱ្យសហគមន៍ចិន-កម្ពុជាឈានចូល យុគសម័យថ្មីនៃគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ជាខ្ពស់។

លោកបានបញ្ជាក់បន្ថែមថា៖ «យើងបានជួបគ្នាដោយសេចក្តីរាក់ទាក់នៅ ទីក្រុងហាយណាន មុននេះមិនយូរប៉ុន្មាន ដោយយើងបានឈានដល់ការឯកភាពរួម (កុងសង់ស៊ីស) មួយចំនួនលើការអនុវត្តការឯកភាពកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សភាតំណាងប្រជាជនចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើ ប្រទេសរបស់យើងរៀងៗខ្លួន ក្នុងគោលបំណងដើម្បីបង្កើនសន្ទុះបន្ថែមទៀតនៃការកសាង សហគមន៍ ចិន-កម្ពុជាដែលមានអនាគតរួមគ្នា»។

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន (NPC) បានជូនពរព្រះរាជាណាចក្រកម្ពុជាជួបប្រទះតែវិបុលភាព និងប្រជាជនកម្ពុជាជួបប្រទះតែសុភមង្គល ព្រមទាំងបានជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បន្តទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់សម្តេច។

 

ខាងក្រោមនេះជាសារលិខិតរបស់ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន (NPC)៖