(ភ្នំពេញ)៖ លោក វាំង ហ៊ុយនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បានផ្ញើសារលិខិតសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ បំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជាឯកច្ឆ័ន្ធជ្រើសរើសជា «ប្រធានព្រឹទ្ធសភា» នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

តាមរយៈសារលិខិត លោក វាំង ហ៊ុយនឹង បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីការបោះឆ្នោតជ្រើសរើស សម្តេច តេជោ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមគណៈកម្មាធិការជាតិនៃសភាប្រឹក្សា នយោបាយប្រជាជនចិន (CPPCC) និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ បំផុតជូនចំពោះ សម្តេចប្រធាន»។

លោក វាំង ហ៊ុយនឹង បានបន្តថា មិត្តភាពចិននិងកម្ពុជា មានតាំងពីសម័យបុរាណមកម្លេះ។ សភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងយូរអង្វែង ដោយបានលើកកម្ពស់ភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា។ សភាប្រឹក្សា នយោបាយប្រជាជនចិន ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តការឯកភាពសំខាន់ៗដែលបានសម្រេច ដោយ លោក ស៊ី ជិនពឹង ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន និងមេដឹកនាំកម្ពុជា ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរទៅវិញទៅមកនិងកិច្ចសហ ប្រតិបត្តិការ ក្នុងគោលបំណងជំរុញការកសាង សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា។

ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានជូនពរព្រះរាជាណាចក្រកម្ពុជាជួបប្រទះតែវិបុលភាព និងប្រជាជនកម្ពុជាជួបប្រទះតែ សុភមង្គល ព្រមទាំងបានជូនពរសម្តេចតេជោ បន្តទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់សម្តេច៕

ខាងក្រោមនេះជាសារលិខិតរបស់ ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន៖