(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានរាយការណ៍ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤៖០០នាទីទាបភ្លឺខ្លួនបានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីនមួយខ្សែ និងចិញ្ចៀនផ្លាកទីន១វង់។

ដើមបណ្ដឹងបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩៖០០នាទី ប្អូនប្រុសខ្លួនបានជិះម៉ូតូថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់ មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថា «តិចទៅដល់ហើយប៉ា» លុះដល់ម៉ោង៤ទាបភ្លឺមិនឃើញមកផ្ទះក្រុមគ្រួសារតេទូរស័ព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មានដំណឹងរហូតមកដល់ឥឡូវ។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ដដែលនេះ ប្រជាពលរដ្ឋបានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាមហើយប្រទះឃើញសាកសពត្រូវដុតចោលក្នុងរណ្តៅ ដែលមានភិនភាគដូចទៅនឹងជនរងគ្រោះខាងលើ ហើយបានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពីបានធ្វើកោសល្យវិច័យ គឺសាកសពមានសភាព កាត់កដៃ និងកាត់ម្រាមដៃ កាត់កែងជើងហើយយកមកដុតចោលនៅរណ្តៅដុតសំរាមឆេះសល់តែដងខ្លួន និងសាច់ដុំដៃ និងក្បាលឆេះសក់អស់ ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បន្ទាប់ពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន អគ្គស្នងការរងទទួលនាយកដ្ឋាន, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញនាយកដ្ឋានបើកការស្រាវជ្រាវ។

កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានធ្វើការសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

លុះដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តស្រាវជ្រាវ រហូតដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនដៃដល់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕