(ជប៉ុន)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជានៅប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង រួមទាំងសមាគមខ្មែរ នឹងរៀបចំពិធីសង្ក្រាន្តខ្មែរនៅជប៉ុន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ ដោយមានការចូលរួមពីពលករខ្មែរ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនតាមគន្លងប្រពៃណីជាតិក្រោមស្មារតីសាមគ្គីក្នុងនាមជាខ្មែរតែមួយ។

កម្មវិធីសង្ក្រាន្តនេះនឹងធ្វើឡើងនៅសួន​ Taiyo-Hiroba (Osaka Castle Park) ទីក្រុងអូសាកា ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Nakano Hiromasa សមាជិករដ្ឋសភានៃប្រទេសជប៉ុន និងសមាជិកខេត្តអូសាកា តំណាងអភិបាលខេត្តអូសាកា សមាជិកសភាក្រុងអូសាកា តំណាងអភិបាលក្រុងអូសាកា ផងដែរ។

«កម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុន» នេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវវប្បធម៌ខ្មែរ សាមគ្គីភាព និងអត្តសញ្ញាណជាតិរបស់ជនជាតិខ្មែរ។ ក្នុងកម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុននេះមានកម្មវិធីសប្បាយៗជាច្រើនផងដែរ ក្នុងនោះមានដូចជា ផ្ទាំងទស្សនីយភាពរបាំប្រពៃណីខ្មែរ ធម្មទេសនាដោយលោកគ្រូមេធានុរ័ក្ខ គូ សុភាព ស្តង់ម្ហូបអាហារ និងស្តង់ផលិតផលជាច្រើន ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្រ្តីដែលសម្តែងដោយតារាចម្រៀងល្បីៗមកពីកម្ពុជា និងជប៉ុន និងការរាំលេងកម្សាន្ត។

គូសប​ញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំភាគីពាក់ព័ន្ធតែងតែខិតខំរៀបចំកម្មវិធីនានាជូនបងប្អូនសហគមន៍ខ្មែរ កម្មសិក្សាការី ពលករ និងនិស្សិតដែលកំពុងស្នាក់នៅប្រទេសជប៉ុន។ ជាក់ស្តែងកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីចូលឆ្នាំប្រពៃណី និងកម្មវិធីបុណ្យផ្សេងៗទៀតជាហូរហែរផងដែរ៕