(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាកម្ពុជា ៤.០ លើកទី២ ស្ដីពី «សន្តិសុខសាយប័រ» នៅសាកលវិទ្យាល័យខេមតិច។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្ស និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងយុវជនដែលបានអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នាឱកាសនេះ។

ជាមួយគ្នានេះ លោកបានលើកឡើងថា វេទិកានាថ្ងៃនេះគឺជាការយកចិត្តទុកដាក់ចូលរួមជំរុញ បំផុស ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងគន្លឹះការពារខ្លួនពីការវាយប្រហារ ដល់សាធារណជន ក៏ដូចជាស្ថាប័នរដ្ឋាភិបាល និងឯកជននៅកម្ពុជា ពិសេសយុវជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា និងការបន្សាំជាមួយបដិវត្តន៍ឧស្សាហកម្ម ៤.០។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបច្ចេកវិទ្យាជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជំរុញការកសាងមូលធនមនុស្ស និងលើកកម្ពស់ឌីជីថលភាវូបនីយកម្ម លោកបានជំរុញភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករជាក់ស្ដែង បង្កើនការយកចិត្តទុកដាក់ និងធ្វើការរួមគ្នាតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ស្វែងយល់ពីវិធីសាស្ត្រក្នុងការការពារខ្លួន តាមប្រព័ន្ធអ៉ីនធឺណេត និងជំរុញវិស័យឯកជនឲ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រនៅក្នុងស្ថាប័នខ្លួន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជំនាញផ្នែកសន្តិសុខសាយប័រឲ្យសមស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា។

សូមជម្រាបជូនថា វេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជាតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ក្រុមហ៊ុន Ezecom និងសាកលវិទ្យាល័យខេមតិច រួមទាំងនិស្សិតសរុបប្រមាណ៤០០នាក់៕