(ភ្នំពេញ)៖ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បានផ្ញើលិខិតថ្លែងអំណរគុណលោក Vivian BALAKRISHNAN រដ្ឋមន្ដ្រីក្រសួងការបរទេសសិង្ហបុរី ចំពោះសារជូនពរ ដែលលោកត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ ព្រឹទ្ធសភា អាណត្តិទី៥។

លោក ប្រាក់ សុខុន បានថ្លែងថា ខ្ញុំបានទទួលរួចហើយនូវសារលិខិតរបស់ឯកឧត្តម ដែលបានអបអរសាទររូបក្នុងឱកាស ដែលព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមអគ្គមគ្គទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ខ្ញុំជឿជាក់យ៉ាងមុតមាំថា ស្ថាប័នព្រឹទ្ធសភា នឹងចូលរួមកាន់តែប្រសើរថែមទៀតក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត និងរួមចំណែកលើក កម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងសកលលោកតាមរយៈការទូតសភា។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំនិងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវ ទាំងបី វត្ថុស័ក្កសិទ្ធក្នុងលោក សូម ជួយបីបាច់ថែរក្សាប្រសិទ្ធពរជ័យ បវរសួស្តី ជ័យមង្គល វិបុលសុខគ្រប់ ប្រការដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែពុទ្ធពរដ៏ ប្រពៃថ្លៃថ្លាទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕