(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើចំនួនជាង ១លានដើម នៅតាមថ្នាល់បណ្តុះកូនឈើ នៃមន្ទីរបរិស្ថាន រាជធានី ខេត្តនានា និង១ផ្នែក ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សម្រាប់យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីរដូវវស្សាឆ្នាំ២០២៤ នេះតទៅ។ នេះបើតាមការបញ្ជាក់របស់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។

ជាក់ស្តែង គិតរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើសរុបចំនួន ៦៤២៣១០ ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន២០៥៥២៨ដើម។ ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនអំណោយកូនត្នោតចំនួន ជាង៣០ម៉ឺនដើម ក្នុងយុទ្ធនាការនេះផងដែរ។

តាមរយៈយុទ្ធនាការថ្ងៃ១០ ខែតុលា ឆ្នាំ២០២៣នេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធសាស្រ្តភាពបៃតងរបស់កម្ពុជា រៀបចំឡើងស្របតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឈានឆ្ពោះទៅ សម្រេចទស្សនវិស័យបង្កើនគម្របព្រៃចំនួន ៦០% នាឆ្នាំ២០៥០៕