(ភ្នំពេញ)៖​ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះថា ក្រសួងបានបំពាក់បំពាក់ឧបករណ៍ពិនិត្យគុណភាពខ្យល់ចំនួន ១២ទីតាំងបន្ថែមទៀត នៅតាមបណ្តាខេត្តមួយចំនួនដើម្បីពង្រឹងការតាមដានគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ឧបករណ៍ថ្មីចំនួន១២ មានទីតាំងស្ថិតនៅទីតាំងរួមមាន៖

ទី១៖ ការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកបាភ្នំ
ទី២៖ ការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកកែវសីម៉ាខេត្តមណ្ឌលគីរី
ទី៣៖ សាលាបឋមសិក្សាបរកែវ ខេត្តរតនគីរី
ទី៤៖ សាលាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ទី៥៖ សាលាស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
ទី៦៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង
ទី៧៖ ស្នាក់ការរងឧទ្យានជាតិភ្នំព្រួសខេត្តកែប
ទី៨៖ សាលាស្រុកវាលវែង ខេត្តពោធិ៍សាត់
ទី៩៖ ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន ខេត្តប៉ៃលិន
ទី១០៖ សាលាស្រុកសំពៅលូន ខេត្តបាត់ដំបង
ទី១១៖ សាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
និងទី១២៖ ស្នាក់ការឧទ្យានុរក្សកេសកូលភ្នំគូលែន ខេត្តសៀមរាប។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នឧបករណ៍ពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាសរុបចំនួន ៥៩ទីតាំង ហើយឧបករណ៍នេះមានសារៈសំខាន់ណាស់ក្នុងការតាមដានគុណភាពខ្យល់ទូទាំង ប្រទេសកម្ពុជា ហើយឧបករណ៍នេះអាចត្រួតពិនិត្យប៉ារ៉ាម៉ែតសារធាតុបំពុលខ្យល់ ដូចជា ភាគល្អិតនិចល PM2.5, PM10, CO, NO2, O3, SO2 សំណើម និងសីតុណ្ហភាព។

លោកបានបន្ថែមថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តព្រំដែនកម្ពុជា-ថៃ មានស្ថានភាពល្អប្រសើរដោយយោងតាមឧបករណ៍តាមដានគុណភាពខ្យល់ និងរថយន្តចល័តដែលបានចុះត្រួតពិនិត្យថ្មីៗនេះឃើញថា លទ្ធផលភាគល្អិត PM2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោងចន្លោះពី១០ ទៅ ១៥ ug/m3 ដោយស្តង់ដារគិតជាមធ្យម ៥០ug/m3៕