(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃមន្ទីរពេទ្យ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។

លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា ការរៀបចំពិធីនេះក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅ ពិសេសនៅមន្ទីរពេទ្យ គឺជាកន្លែងព្យាបាលអ្នកជំងឺ ផុតពីសេចក្ដីស្លាប់ តែក៏មានអ្នកជំងឺខ្លះស្លាប់ ទោះជាទទួលបានការជួយសង្គ្រោះយ៉ាងចិត្ដទុកដាក់ក៏ដោយ ដូច្នេះហើយបានជាមន្ទីរពេទ្យរៀបចំជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។

លោកសាស្ដ្រាចារ្យបានបន្ដថា នេះក៏ជាឱកាសជួបជុំមន្ដ្រីរាជការ បុគ្គលិកទាំងអស់ ធ្វើបុណ្យរួមគ្នា ហើយក៏ជាឱកាសបង្កើនសាមគ្គីភាពគ្នា ក្នុងការបំពេញការងារកាន់តែប្រសើរ ដើម្បីធ្វើយ៉ាងណាបម្រើសេវាសុខភាពជូន ប្រជាពលរដ្ឋឱ្យបានជាសះស្បើយទាំងអស់ តាមលទ្ធភាពដែលយើងធ្វើទៅបាន។ ហើយនេះក៏ជាការលើកទឹកចិត្ដដល់បុគ្គលិក ក្នុងការបំពេញភារកិច្ចសម្រាប់ឆ្នាំថ្មី ឱ្យកាន់តែជោគជ័យ។

លើសពីនោះ លោកសាស្ដ្រាចារ្យ ក៏បានគូសបញ្ជាក់ថា​ ទោះក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅតែផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋយើង ពិសេសបានត្រៀមលក្ខណៈរួចជាស្រេច បើមានបញ្ហាសុខភាពអ្វីកើតឡើង មន្ទីរពេទ្យនឹងធ្វើការជាប្រព័ន្ធផ្ដល់សេវាជូនប្រជាជនភ្លាមៗ។

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព បរិភោគស្អាត រស់នៅស្អាត អនាម័យខ្ពស់ និងហាត់ប្រាណដើម្បីសុខភាព និងបន្ដប្រុងប្រយ័ត្នចំពោះជំងឺផ្សេងៗ ពិសេសក្នុងអាកាសធាតុក្ដៅនេះ ។ជាងនេះទៅទៀត ត្រូវប្រុងប្រយ័ត្នជានិច្ច ក្នុងអំឡុងធ្វើដំណើរទៅគ្រប់ទីកន្លែង។

សូមជម្រាបថា ក្រៅពីមានពិធីសូត្រមន្ដចម្រើនព្រះបរិត្តនាំសិរីសួស្តី និងបង្សុកូលឧទ្ទិសកុសល ដល់វិញ្ញណក្ខន្ធបុព្វការីជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ក៏មានក្រុមសិល្បករ សិល្បការិនី បានសម្តែងរបាំត្រុដិ ដែលត្រូវបានប្រជាពលរដ្ឋខែ្មរជឿជាក់ថា ជារបាំប្រពៃណីបុរាណខ្មែរមួយ ដែលអាចបណ្តេញ ឧបទ្រុព្វចង្រៃផងដែរ៕