(ភ្នំពេញ)៖ បុគ្គលម្នាក់ឈ្មោះ កើត សារ៉ាយ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោយពីបុគ្គលម្នាក់នេះមានចេតនាអាក្រក់ ដើរញុះញង់ឲ្យប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តព្រះវិហារភ័យខ្លាច គោលបំណងដើម្បីគេងចំណេញនយោបាយ បង្កឲ្យមានការភាន់ច្រឡំថាអាជ្ញាធរគៀបសង្កត់ប្រជាពលរដ្ឋ។

ក្រៅពីមានចេតនាទុច្ចរិតបំផ្លាញសន្តិភាព បុគ្គលនេះ និងបក្សពួក ក៏បានដើរប្រឌិតព័ត៌មានក្លែងក្លាយ ហើយផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងចេទនាញុះញង់បង្កចលាចល ពាក់ព័ន្ធករណីដីធ្លីនៅខេត្តព្រះវិហារ។ ដូច្នេះដើម្បីជាទប់ស្កាត់នូវអំពើបង្កភាពចលាចលនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តុលាការបានសម្រេចចេញដីកា ឃាត់ខ្លួនជននេះដើម្បីការទប់ស្កាត់នូវការបង្កអស្ថេរភាព និងបង្កការរំខានដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកវរសេនីយ៍ សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»។

បើតាមអ្នកនាំពាក្យ, បុគ្គលរូបនេះធ្លាប់ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារម្ដងរួចមកហើយពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ដូចគ្នានេះ។ ប៉ុន្ដែបុគ្គលនេះមិនរៀងចាលនោះឡេីយ។

ពោលកាលពីពេលកន្លងទៅថ្មីៗនេះ បុគ្គលឈ្មោះ កើត សារ៉ាយ បានប្រឌិតនូវព័ត៌មានក្លែងក្លាយពាក់ព័ន្ធបញ្ហាវិវាទដីធ្លីនៅខេត្តព្រះវិហារ ដេីម្បីផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងគោលបំណងញុះញង់បង្កឲ្យមានការរេីសអេីង និងធ្វេីឲ្យការខឹងសម្បារមកដល់រាជរដ្ឋាភិបាល ពិសេសទៅកាន់ឆាកអន្ដរជាតិ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បែបនេះថា «យើងអាចសន្និដ្ឋានបានថាឈ្មោះ កើត សារ៉ាយ គឺពិតជាមានចេតនាញុះញង់ឲ្យប្រជាពលរដ្ឋមានការខឹងសម្បាញនឹងរាជរដ្ឋាភិបាល ហើយបុគ្គលនោះថែមទាំងបានផ្តល់ព័ត៌មានដល់សារព័ត៌មានឧទ្ទាមមាន VOD និង RFA ចេញផ្សាយបំភ្លៃព័ត៌មានមិនពិត និងប្រឌិតព័ត៌មាន ដើម្បីបង្ហាញឲ្យក្រៅប្រទេសបានឃើញ និងដាក់ទណ្ឌកម្មមកលើកម្ពុជា»។

សូមជម្រាបថា ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕