(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបើកភ្លើងខៀវឱ្យក្រុមហ៊ុន SCA ដែលកំពុងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន អាចដើរតួនាទីជាប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ពេលចាប់ផ្តើមដាក់ឱ្យដំណើរការ បន្ទាប់ពីបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការប្រគល់សិទ្ធិនេះធ្វើឡើងបន្ទាប់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (ហៅកាត់ SCA)ស្តីពីគោលការណ៍សម្រាប់ការស្តារសមតុល្យហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា បន្ទាប់ពីការចុះកិច្ចព្រៀងព្រៀងនេះ រាជរដ្ឋាភិបាលនឹងប្រគល់ឱ្យក្រុមហ៊ុន SCA ដើរតួនាទីជាប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ពេលចាប់ផ្តើមដាក់ឱ្យដំណើរការ។ ជាមួួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងបន្ថែមរយៈពេលឱ្យក្រុមហ៊ុន SCA ធ្វើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

លោកបន្តថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ ក្រុមហ៊ុនបារាំងSCA ដើម្បីបន្តបង្កើតគុណតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់សេវាកម្មគ្រប់គ្រងអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ។
បើតាម រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល  អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានចាប់ផ្តើមសាងសង់នៅឆាំ្ន ២០២០ លើផ្ទៃដីសរុបទំហំ ២,៦០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ ការសាងសង់សម្រេចបានប្រមាណ ៦៨.៨% នៃ គម្រោងទាំងមូល ហើយគ្រោងនឹងបើកឱ្យដំណើរការនាឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះ។

សូមជម្រាបថា កាលពីឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការវិនិយោគឱ្យក្រុមហ៊ុន SCA អភិវឌ្ឍន៍សាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគឱ្យក្រុមហ៊ុនបារាំងនេះ ធ្វើការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយាន ដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ថ្នាក់ 4E លើផ្ទៃដីទំហំ ៦៨២ហិកតា៕