(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តនាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់អស់តម្លៃជាង២៤ម៉ឺនដុល្លារ ក្នុងបរិវេណវត្តអង្គួញដីសេរីសុខា ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម។

អភិបាលខេត្តកំពង់ចាម បានថ្លែងក្នុងឱកាសនោះថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហានក្នុងការរីកចម្រើនលើកគ្រប់វិស័យ ដូច្នេះវិស័យពុទ្ធចក្រក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរផងដែរ ជាពិសេស ក្នុងពេលបច្ចុប្បន្ននេះ ការសាងសង់មហាកុដិ គឺត្រូវការប្រើប្រាស់ថវិកាច្រើនជាងការសាងសង់កុដិដូចសម័យមុន។

លោកអភិបាលខេត្ត បានលើកឡើងថា ក្នុងពេលដែលវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឲ្យប្រជាពលរដ្ឋដែលកាន់យកព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួម ជាបច្ច័យដើម្បីកសាង នូវសមិទ្ធផលនានាក្នុងវត្តអារាម ជាពិសេសគឺការកសាងមហាកុដិ នេះតែម្តង ដែលត្រូវប្រើបច្ច័យកសាងច្រើន។ ដូច្នេះមហាកុដិ ដែលអាចកសាងទៅបាននេះ គឺសបញ្ជាក់ឲ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង បានរួមសាមគ្គីគ្នាកសាងជាមហាកុដិនេះឡើង ដើម្បីបម្រើលើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជួបជុំ កសាងនូវបុណ្យកុសលរៀងៗខ្លួន តាមរយៈការប្រារព្ធធីសាសនាផ្សេងៗ ក្នុងវត្តអារាមនេះ ។

ម្យ៉ាងទៀត សមិទ្ធផលទាំងឡាយដែលបានមកពីការចូលរួមបច្ច័យ ជាមហាសាមគ្គីរបស់ពុទ្ធបរិស័ទជិតឆ្ងាយ គឺដោយសារតែពួកគាត់មានជំនឿលើការដឹកនាំរបស់ព្រះចៅអធិការ គណៈកម្មការអាចារ្យវត្តនោះផងដែរ ទើបពុទ្ធបរិស័ទរបស់យើងបាននាំមកនូវបច្ច័យយ៉ាងច្រើន ដើម្បីកសាងមហាកុដិក៏ដូចជាសមិទ្ធផលនានាជាច្រើនទៀត នៅក្នុងវត្តអង្គួញដីសេរីសុខាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ៕