(សៀមរាប)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីស្តីពីលទ្ធផលនៃ វេទិការវាងនិយ័តករ និងអគ្គនាយកធានារ៉ាប់រង នៅខេត្តសៀមរាប។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ដោយមានការចូលរួមពីសមាគមធានារ៉ាប់រងកម្ពុជា, សមាគមជើងសាធានារ៉ាប់រងកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ អគ្គនាយក/អគ្គនាយិកា និងតំណាងគ្រឹះស្ថានធានារ៉ាប់រងចូលរួមផងដែរ។

វេទិកានេះដែរ រៀបចំឡើងក្នុងគោលបំណងបង្កើនកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ដើម្បីធានាបាននូវការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច និងផ្តល់ឱកាសដល់វិស័យឯកជនបង្ហាញពីផលវិបាក និងបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះក្នុងការប្រកបអាជីវកម្មកន្លងមក ដើម្បីស្វែងយល់ និងរកដំណោះស្រាយរួមគ្នា ក្នុងគោលដៅពង្រីកសក្តានុពល ក៏ដូចជាបង្កើនការយល់ដឹងអំពីវិស័យធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅ ក្នុងការបញ្ចៀសហានិភ័យនានា ដែលនឹងអាចកើតមានក្នុងពេលអនាគត។

ជាមួយនេះដែរ លទ្ធផលវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង ឆ្នាំ២០២៤ បានដោះស្រាយ និងឯកភាពលើចំណុចដូចជា៖

*ឯកភាពជំរុញការអនុវត្តបទប្បញ្ញត្តិជាធរមានចំពោះ​ឯកសារ និងលក្ខខណ្ឌតម្រូវ។
*ឯកភាពផ្តល់រយៈពេលគ្រប់គ្រាន់ដល់គ្រឹះស្ថានធានារ៉ាប់រងក្នុងការពិនិត្យ និងផ្តល់ធាតុចូលសម្រាប់កិច្ចពិគ្រោះយោបល់អំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
*ឯកភាពផ្តល់ការអនុញ្ញាតជាក់ស្តែងតាមករណីផលិតផលនីមួយៗ លើកលែងតែផលិតផលដែលមានការពាក់ព័ន្ធ៕