(ភ្នំពេញ)៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តសម្រមសម្រួលពលករខ្មែរដែលបាននិងកំពុងត្រលប់មកស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរនឹងបន្តសម្របសម្រួលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃការលើកលែងតម្លៃទិដ្ឋាការ។ នេះបើតាមលោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

លោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖«ក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បន្តសហការយ៉ាងស្អិតល្មួតជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីបន្តទទួលស្វាគមន៏បងប្អូនពលករចេញចូលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤»។

លោកបន្ថែមថា ភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តផ្សព្វផ្សាយជូនដំណឹង និងសុំឲ្យពលករជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិបងប្អូនពលករផ្សេងទៀតអំពីការលើកលែងថ្លៃសេវា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាដែលមានសម្ដេចធិបតីជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក។

លោកបន្ថែមថា បងប្អូនពលករស្ទើរតែ១០០%បានដឹងពីអនុសាសន៍របស់សម្ដេចធិបតីអំពីការលើកលែងថ្លៃសេវា ចេញ-ចូល (Re-Entry) ហើយបងប្អូនពលករទាំងអស់សប្បាយរីករាយ យ៉ាងខ្លាំងពីការលើកលែងថ្លៃសេវាចេញ-ចូល ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។

គូរឱ្យកត់សម្គាល់ថា ការលើកលែងការយកតម្លៃលើទិដ្ឋាការចេញ-ចូល ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះការអបអរសាទរ និងសប្បាយចិត្តពីសំណាក់បងប្អូនពលករ និងពលរដ្ឋខ្មែរនៅប្រទេសថៃយ៉ាងផុសផុល។
គូសបញ្ជាក់ផងដែរថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះមានពលរដ្ឋ និងពលករខ្មែរចំនួន២២,១១៣ បានវិលត្រលប់ពីប្រទេសតាមច្រកព្រំដែនអន្តរជាតិកម្ពុជា ថៃ ដើម្បីមកលេងស្រុកកំណើតក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ៕