(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន Royal​ ​Railway​ ​Cam​bo​d​i​a ដែលជាក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើផ្លូវដែកនៅកម្ពុជា បានដាក់ចេញវិធានការបន្ទាន់ចំនួន៣ ដើម្បី​ទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់នៅលើផ្លូវដែក។

នៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សា​ធារណ​ការ និងដឹកជញ្ជូន និងលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal​ ​Railway​ ​Cam​bo​d​i​a បាន​ធ្វើសន្និសីទសារព័ត៌មានរួមគ្នា បង្ហាញវិធានការពង្រឹងសុវត្ថិភាពតាមផ្លូវរថភ្លើង។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង នៅ​ចំណុច​ផ្លូវទៅច្រកល្អៀង ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងសន្និសីទសារព័ត៌មាន លោក ប៉េង ពោធិ៍នា បានសម្តែងការសោកស្តាយជាមួយក្រុម​គ្រួ​សារ​ជន​រង​គ្រោះក្នុងឧបទ្ទវហេតុនេះ។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រោយកើតហេតុនោះភ្លាមសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចុះបទបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន រួមជា​មួយក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកទាំងពីរខ្សែរិះរកវិធានការបន្ទាន់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍​ផ្លូវ​ដែក ជាពិសេសនៅចំណុចផ្លូវប្រសប់ និងផ្លូវឆ្លងកាត់។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា ផ្លូវដែកទាំងពីរខ្សែ គឺខ្សែភ្នំពេញ-ព្រះសីហនុ និងខ្សែភ្នំពេញ-ប៉ោយប៉ែត មានផ្លូវឆ្លងកាត់សរុប ៩៧៥កន្លែង។ ក្នុងនោះ ផ្លូវឆ្លងកាត ៥២៥កន្លែង ជាផ្លូវសាធារណៈ ហើយងផ្លូវ​ឆ្លង​កាត់ ៤៥០កន្លែង ជាផ្លូវឯកជន។

បើតាមលោក ប៉េង ពោធិ៍នា ជាវិធានការបន្ទាន់ពង្រឹងសុវត្ថិភាពចរាចរណ៍តាមផ្លូវរថភ្លើងនេះ ក្រសួង និងក្រុមហ៊ុន បានដាក់ចេញវិធានការចំនួន៣រួមមាន៖ ១) បង្កើនការបំពាក់ហេដ្ឋារចនា​សម្ព័ន្ធការពារ​សុវត្ថិ​ភាព​តាមផ្លូវដែក, ២) បំពាក់ស្លាក​សញ្ញាចរាចរណ៍ ឱ្យបានឆ្ងាយ ដើម្បីអ្នកបើកបរបានដឹងជា​មុនបង្កើន​ស្មារតី​ប្រុងប្រយ័ត្ន និងទី៣) បង្កើនការផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋ។

លោក John Guiry បានគូសបញ្ជាក់ថា អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន បានធ្វើដំណើរពិនិត្យផ្លូវឆ្លងកាត់​ផ្លូវរថភ្លើងទាំងពីរខ្សែរួចរាល់ហើយ។ ក្នុងនោះក្រុមហ៊ុននឹងដាក់ប៉ារ៉ាស់រាល់កន្លែងមានផ្លូវឆ្លងកាត់ ហើយ​ផ្លូវ​ឆ្លងកាត់ខុសច្បាស់ក្រុមហ៊ុននឹងបិទចោលតែម្តង៕