(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ និងលទ្ធផលនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តខេត្តបន្ទាយមានជ័យ។

ក្រោយពីបានស្តាប់គណបក្សខេត្ត លោក កែ គឹមយ៉ាន បានសាទរ និងឯកភាពលើរបាយការណ៍បូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤។

ក្នុងនាមក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានថ្លែងអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ​ដែលត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតគាំទ្រជាឯកច្ឆ័នជ្រើសរើសជាប្រធានព្រឹទ្ធសភា អាណត្តិទី៥ ព្រមទាំងលោក ប្រាក់ សុខុន អនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ និងជាអនុប្រធានទី២។

ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពរជ័យ ពីថ្នាក់ដឹកនាំពិសេសសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន អរគុណ កោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ទទួលខុសត្រូវ របស់ក្រុមការងារគ្រប់ថ្នាក់ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រ​នាំជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ  ឆ្នាំ២០២៤ ដោយគ្មានហឹង្សា មានយុត្តិធម៌ អព្យាក្រឹត ស្របច្បាប់ ប្រជាធិបតេយ្យ ទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានបញ្ជាក់បន្ថែមថា ការរួមគ្នាអនុវត្តតាមមាគ៌ា​នយោបាយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុន សែន រួមនឹងកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ស្របឆន្ទៈ មានរចនាសម្ព័ន្ធ របៀបរបបការងារច្បាស់លាស់ សាមគ្គីភាព ឯកភាពផ្ទៃក្នុងពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន នាំឲ្យគណបក្សរឹងមាំ ខ្លាំង និងបន្តភាពខ្លាំងយូរអង្វែងតទៅ។

លោក កែ គឹមយ៉ាន បានណែនាំឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តសាមគ្គីភាព ការទទួលខុសត្រូវ បន្តដំណើររួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដើម្បីបន្តពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា តាម​រយៈលទ្ធផល​នៅខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេង​ឆ្នោតគាំទ្រ៤៦៦សម្លេង លើចំនួនអ្នកទៅបោះឆ្នោតសរុប៥៣៩នាក់ និងទទួលបានអាសនៈព្រឹទ្ធសភា ក្នុងមណ្ឌលភូមិភាគទី៤ ចំនួន៩អាសនៈ៕