(កំពង់ឆ្នាំង)៖ លោក យឹម​ លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណប្រតិភូ ធនាគារនៃកម្ពុជាតិ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងពលធំអន្តរាគមន៍លេខ១ ឈរ
ជើងក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក យឹម​ លាត បានថ្លែងថា នេះមិនមែនជាលើកទី១នោះទេ ដែលថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានមកជួបជាមួយកងពលតូចអន្តរាគមន៍លេខ១ ហើយកិច្ចការនេះក្នុងឋានះជាអង្គ ភាពសម្ពន្ធ័មេត្រីភាពគឺបានចុះមកជួប ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៦ មកទាំងនៅទីបញ្ជការរបស់កងពលនៅលង្វែក និងទាំងនៅទីបញ្ជាការជួរមុខទិសអូរតាថាវ តំបន់ប្រាសាទព្រះវិហារ គឺតែងតែបានផ្សាភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ ជាហូរហែរពិសេស ក្នុងអំឡុងពេលបុណ្យទានដូចបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាដើម។

ក្នុងឱកាសនោះលោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា, លោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិតិ្តយស ធនាគារជាតិនៃកម្ពុជា ជូនចំពោះកងពលតូចអន្តរាគមន៍លេខ១ទាំងអស់ ដែលលោកទាំងពីរតែងតែគិតគូរ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនជាយោធិនកងទព័ជានិច្ច។

លោក យឹម​ លាត បានកោតសរសើរដល់លោកមេបញ្ជាការ មេបញ្ញាការរង នាយទាហាន នាយទាហានរង និងពលទាហានអង្គភាពកងពលតូចអន្តរាគមន៍លេខ១ទាំងអស់ ដែលកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងប្រជាជាតិយើងទាំងមូល ដើម្បីរស់នៅដោយភាពសុខសាន្តរបស់ប្រទេស និងប្រជាជន។

លោកបានឲ្យដឹងថា ការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន អង្គភាពស៊ីវិល និងកងទ័ព មានអត្ថន័យធំធេងណាស់ បង្ហាញឱ្យឃើញកាន់តែច្បាស់ ពីស្មារតីសាមគ្គីភាព មនោសញ្ចេតនា និងមានការជួយគ្នាទៅវិញទៅមកហើយ ការជួបគ្នានេះនឹងក្លាយជាប្រពៃណីដែលនឹងបន្តគាំទ្រ ដល់សមរភូមិមុខជាដរាប។

លោក យឹម​ លាត បានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី សម្ដេចនៅតែបន្តណែនាំស្ថាប័ន អង្គភាពស៊ីវិល ផ្សាភ្ជាប់ជាមួយកងទ័ពដែលសកម្មនេះ បានបញ្ជាក់ឲ្យឃើញច្បាស់ថា សម្តេចតែងតែគិតគូរ ដល់ជីវភាពកងទ័ពជានិច្ច បើទោះបីជាសម្តេចមមាញឹកក្នុងការងារក៏ដោយ ហើយសកម្មភាពទាំងអស់គ្នាធ្វើនេះ បានបង្ហាញពីការសាមគ្គីគ្នា ការស្រឡាញ់គ្នា ចេះជួយយកអាសាគ្នា និងជាពិសេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការងារ ដើម្បីត្រៀមទប់ទល់ជាមួយសត្រូវ មានបំណងអាក្រក់មកលើយើង ព្រមទាំងរក្សាឱ្យបាននូវសុខសន្តិភាពទូទាំងប្រទេស។

អំណោយរបស់ធនាគារជាតិនៃកម្ពុជា ដែលនាំយកទៅប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ១នាពេលនោះ រួមមាន ថវិកាចំនួន១២លានរៀល, ទឹកសុទ្ធ១០០កេស, ទឹកផ្លែឈើ និងទឹកក្រូច១០០កេស, ស្រាបៀ១០០កេស រួមនឹងនំធុង និងស្ករគ្រាប់មួយចំនួនទៀតផងដែរ៕