(ភ្នំពេញ)៖ ដោយក្តីរីករាយ បន្ទាប់ពីទទួលកាដូដ៏វិសេសវិសាល ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយសម្តេចប្រកាស និងចេញអនុក្រឹត្យជាផ្លូវការ សម្រេចដំឡើងឋានៈមន្ទីរជំនាញរាជធានីខេត្ត គ្រប់ក្រសួង ឱ្យស្មើនឹងនាយកដ្ឋាននោះ, ប្រធានមន្ទីរជំនាញតាមបណ្តាខេត្តជាច្រើនថែមទៀត បានបង្ហោះសារថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានគិតគូរលើកទឹកចិត្តដល់ពួកគាត់។

តាមរយៈគណនី Facebook របស់ខ្លួន ប្រធានមន្ទីរទាំងនោះ បានបង្ហោះខ្លឹមសារស្រដៀងៗគ្នាថា «សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមចូលរួមប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹង ចំពោះ អនុក្រឹត្យ លេខ ៩១ អនក្រ.កប របស់រាជរដ្ឋាភិបាល ស្ដីពី ការដំឡើងថ្នាក់ ស្មើនាយកដ្ឋាន ដល់អង្គភាព ថ្នាក់ក្រោមជាតិ។

ការសម្រេចដាក់ចេញអនុក្រឹត្យ ស្ដីពីការដំឡើងថ្នាក់ស្មើនាយកដ្ឋាន ដល់អង្គភាពថ្នាក់ក្រោមជាតិ គឺជាគំនិតប្រកបដោយគតិតបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាដើម្បី លើកកម្ពស់ប្រសិទ្ធភាពការងារ និងអភិបាលកិច្ច នៅតាមស្ថានប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស ការផ្ដល់នូវការលើកទឹកចិត្ត ដល់យើងខ្ញុំ ជាថ្នាក់ដឹកនាំ នៅថ្នាក់មូលដ្ឋានផងដែរ»។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានប្រកាស និងចេញអនុក្រឹត្យ សម្រេចដំឡើងឋានៈជូនមន្ទីរជំនាញ, ស្នងការដ្ឋាននគរបាល, តំបន់ប្រតិបត្តិការសឹករងខេត្ត និងកងរាជអាវុធហត្ថ ដែលចំណុះឱ្យរដ្ឋបាលរាជធានី-ខេត្ត ឱ្យស្មើនាយកដ្ឋាន។

ការដំឡើងឋានៈនេះ សម្តេចបានបញ្ជាក់ថា មិនមានអ្វីខុសឆ្គងនោះទេ ហើយការដំឡើងឋានៈនេះ ដើម្បីលើកទឹកចិត្តដល់មន្ត្រី ដែលទទួលការងារកាន់តែច្រើ​ន និងលើកកម្ពស់សិទ្ធិអំណាច និងការទទួលខុសត្រូវ ហើយការដំឡើងនេះ ក៏មិនមានប៉ះពាល់ដល់ឋានានុក្រម ដឹកនាំបញ្ជាក្នុងរាជធានីខេត្តនោះដែរ។

សូមជម្រាបថា មុនការប្រកាសដំឡើងឋានៈ ប្រធានមន្ទីរជំនាញ, ស្នងការនគរបាល, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី-ខេត្ត មានឋានៈស្មើអនុប្រធាននាយកដ្ឋានប៉ុណ្ណោះ ដោយការតែងតាំងត្រឹមតែ ប្រកាសរបស់រដ្ឋមន្ត្រីតាមបណ្តាក្រសួងនីមួយៗ ប៉ុន្តែបន្ទាប់ពីការដំឡើងនេះ ការតែងតាំងត្រូវចេញអនុក្រឹត្យ ដោយសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា៕