(រតនគិរី)៖ កម្លាំងសមត្ថកិច្ចស្រុកអូរយ៉ាដាវ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយយកកាំបិតកាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង ១៧៖៣០នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេវ សារឿន អាយុ២១ឆ្នាំ ជនជាតិចារ៉ាយ មុខរបរកសិករ និងជនសង្ស័យមានឈ្មោះ ធី សិទ្ធិ អាយុ៣៧ឆ្នាំ មុខរបរមេប៉ុស្តិ៍លេខ៥០៩ ភូមិភិ ចំណុះវរសេនាតូចការពារព្រំដែនលេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

បើតាមសមត្ថកិច្ចមូលដ្ឋាន, មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរមកពីចំការ ដោយម៉ូតូបានអស់ប្រេងសាំងនៅចំណុចកើតហេតុខាងលើ ស្រាប់តែមេប៉ុស្តិ៍ក៏បានធ្វើដំណើរមកដល់ក្នុងស្ថានភាពស្រវឹង និងបានសួរនាំរួច ស្រាប់តែយកកាំបិតពីជនរងគ្រោះកាប់ជនរងគ្រោះវិញ បណ្តាលឲ្យរងរបួសត្រង់ក្បាល។

ដោយឃើញស្ថានភាពមិនស្រួល, ជនដៃដល់បានរត់គេចខ្លួនចូលទៅសម្ងំក្នុងព្រៃបន្សល់ទុកម៉ូតូ គ្រាប់ស្វាយចន្ទីមួយថង់ និងកាំបិត១នៅកន្លែងកើតហេតុ។ ក្រោយមកជនបង្កបានហៅមន្ត្រីប៉ុស្តិ៍ដែលត្រូវជាកូនចៅឈ្មោះ ហាក់ ធារ័ត្ន មកជួយយកសម្ភារទៅរក្សាទុកនៅកន្លែងរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាវ ដើម្បីស៊ើបអង្កេតស្រាវជ្រាវចាត់ការនីតិវិធីបន្ត ហើយបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី។

បើតាមព័ត៌មានមួយចំនួនបានឲ្យដឹងថា មេប៉ុស្តិ៍ភូមិភិលេខ៥០៩រូបនេះ កន្លងទៅមានចរិកកាចសាហាវខុសពីមន្ត្រីប៉ូលិសដទៃ ពោលតែងតែប្រើអំណាចសំឡុតគំរាមកំហែងប្រជាពលរដ្ឋ ភាគច្រើនជាបងប្អូនជនជាតិភាគតិចរស់នៅតំបន់ខាងលើផងដែរ៕