(ភ្នំពេញ)៖ លោកស្រី ឌីណា ហ្វីស័រ ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (IRC) ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ បានអញ្ជើញចូលជួបសម្ដែងការគួរសម និងជម្រាបលាជាមួយសហការីកាកបាទក្រហមកម្ពុជា ក្រោមវត្ដមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែមេសា​ ឆ្នាំ២០២៤ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកស្រី ឌីណា ហ្វីស័រ បានថ្លែងអំណរគុណ និងជម្រាបលាក្នុងបេសកកម្ម ៥ឆ្នាំ (២០២០-២០២៤) ចំពោះការគាំទ្រ ចំពោះសកម្មភាពមនុស្សធម៌របស់គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមនៅប្រទេសកម្ពុជា។

លោកស្រីបានបញ្ជាក់ទៀតថា «គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងបន្តគាំទ្របេសកកម្មមនុស្សធម៌អាទិភាពចំនួន២ គឺការងារស្តារទំនាក់ទំនគ្រួសារអ្នកជាប់ឃុំនៅពន្ធនាគា គឺផ្តល់សេវាបញ្ជូនសារពីទណ្ឌិតទៅគ្រួសារ និងពីគ្រួសារទៅទណ្ឌិតវិញ និងការងារមួយទៀតគឺផ្តល់សេវាស្តានិតិសម្បទា ដែលគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំនៅកម្ពុជា មានសប្បកម្មផលិតកាយសម្បទានៅខេត្តចំនួន២ គឺខេត្តបាត់ដំបងនិងខេត្តកំពង់ស្ពឺ»

លោកស្រីបានបន្តទៀត «បន្ទាប់ពីខ្ញុំបញ្ចប់បេសកកម្មនេះទៅ លោក ម៉ាក្ស ស្លត់ (Marc Zlot) ប្រធានកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា និងបន្តសម្របសម្រួលការងារ២ខាងលើនៅកម្ពុជា»

ជាមួយគ្នាលោកស្រីអគ្គលេខាធិការ បាននាំប្រសាសន៍សួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោកស្រី ឌីណា ហ្វីស័រ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដែលបានគាំទ្រការងារមនុស្សធម៌នៅកម្ពុជា តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ និងបានជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាទាំងថវិកា និងបច្ចេកទេសជារៀងរាល់ឆ្នាំ។

លោកស្រីអគ្គលេខាធិការបានបន្តថា «នៅឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បាននឹងកំពុងរៀចំនិងផ្សព្វផ្សាយទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ» ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជន រួមចំណែកក្នុងការថែក្សាសុខភាព និងប្តូរឥរិយាបទរបស់ប្រជនក្នុងការរស់នៅប្រកបដោយសុខភាពល្អ ហើយបច្ចុប្បន្ននេះ ការឡើងកម្តៅនៅក្នុងកម្ពុជាជាបញ្ហាប្រឈមខ្លាំង ហើយកាកបាទក្រហមកម្ពុជា បានធ្វើការចុះផ្សព្វផ្សាយអំពីវិធីសាស្ត្រការបន្សុំាខ្លួននៅពេលអាកាសធាតុមានការប្រែប្រួល»

លោកស្រីបន្ដថា កាកបាទក្រហមកម្ពុជាក៏បាននឹងកំពុងទទួលអំណោយជាថវិកា និងសម្ភារៈពីសប្បុរសជនក្នុងទិវា ៨ ឧសភា ដើម្បីកាកបាទក្រហមកម្ពុជា មានធនធានគ្រប់គ្រាន់ក្នុងជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះដែលត្រូវការឱ្យជួយ បានទាន់ពេលវេលា។ ជាថ្មីម្តងទៀត កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះ សប្បុរសជនសូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕