(ព្រះសីហនុ)៖ ពលរដ្ឋ៤គ្រួសារក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរស់នៅជួបការលំបាកខ្លាំង និងមានលំនៅឋានចាស់ទ្រុឌទ្រោមខ្លាំងងាយរលំដោយសារខ្យល់ បានទទួលផ្ទះគំរូក្នុងមួយគ្រួសារ១ខ្នងពីគម្រោង «បន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ» តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។

ពិធីប្រគល់បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ភាវ សុវុទ្ធី អនុរដ្ឋលេខា ធិការក្រសួងបរិស្ថាន, តំណាងអង្គការ UN-Habitat, តំណាងរដ្ឋបាលខេត្តស្រុក និងអាជ្ញាធរមូលដ្ឋានផងដែរ។

ពលរដ្ឋដែលទទួលបានផ្ទះគំរូរួមមាន

*ទី១៖ ឈ្មោះ ឡែប ស្រី រស់នៅភូមិ ព្រែកក្រាញ់ ឃុំសាមគ្គី
*ទី២៖ ឈ្មោះ សួន មុំ រស់នៅភូមិ ព្រែកក្រាញ់ ឃុំសាមគ្គី
*ទី៣៖ ឈ្មោះ អែម ដើក រស់នៅភូមិ កំពង់ស្មាច់តូច ឃុំទឹកល្អក់
*ទី៤៖ ឈ្មោះ ឃ្លាំង ថាន រស់នៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ភាវ សុវុទ្ធី បានថ្លែងថា ផ្ទះគំរូដែលប្រគល់ជូនពលរដ្ឋនេះ បានរៀបចំឡើងដោយអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ សហការជាមួយ UNHabitat ក្រោមការគាំទហិរញ្ញវត្ថុមូលនិធិបន្សុំដើម្បីអនុវត្តគម្រោង ការបន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេសមុទ្រនៃប្រទេសកម្ពុជា។ គម្រោងនេះមានគោលបំណងរួមដើម្បីលើកកម្ពស់ការបន្សំ និងភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុដល់ក្រុមងាយរងគ្រោះនៅតាមឆ្នេរសមុទ្រប្រទេសកម្ពុជា តាមរយៈសកម្មភាពបន្សំជាក់លាក់ ជាពិសេសក្នុងតំបន់ដែលមានសក្តានុពលអេកូទេសចរណ៍។

លោកបន្តថា គម្រោងនេះចែកចេញជា៣ផ្នែកសំខាន់ៗរួមមាន៖

*ទី១៖ ចំណេះដឹង និងសមត្ថភាពរបស់សហគមន៍ ត្រូវបានពង្រឹងដើម្បីទទួលបានផលប្រយោជន៍តាមរយៈការវិនិយោគរបស់គម្រោង
*ទី២៖ សមត្ថភាពរៀបចំផែនការ និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹង និងចំណេះដឹងត្រូវបានចងក្រង និងផ្សព្វផ្សាយដើម្បីនិរន្តរភាព និងលើកកម្ពស់ការទទួលបានផលប្រយោជន៍ នៃការបន្សំនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោង។
*ទី៣៖ ការបង្កើនភាពធន់តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។

លោកបានគូសបញ្ជាក់ថា សម្រាប់គម្រោងនេះ បានគាំទ្រដល់ការកសាងផ្ទះធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៤ខ្នងផ្ទះ ស្ថិតនៅក្នុងខេត្តកែប និង៤ខ្នងផ្ទះនៅព្រះសីហនុ ដែលបច្ចុប្បន្នត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។

តាមរយៈបទសម្ភាសន៍ពលរដ្ឋ ដែលទទួលបានផ្ទះបានសម្តែងអារម្មណ៍រំភើប ត្រេកអរ ហើយពោលពាក្យថា ពិតជាមានភាពកក់ក្តៅក្រោយទទួលបានផ្ទះដ៏រឹងមាំមួយខ្នងនេះ ពោលគឺមិនត្រឹមតែមានភាពរឹងមាំក៏មានលក្ខណៈ ពិសេសដែលភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដល់ក្រុមងាយរងគ្រោះនៅតាមឆ្នេរសមុទ្រប្រទេសកម្ពុជា ហើយក៏សូមថ្លែងអំណគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជួបការលំបាកជាក់ស្តែងដូចនៅថ្ងៃនេះ៕