(រតនគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំអង្គប្រជុំ ដែលមានការចូលរួមពីលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី ប្រធានមន្ទីរសុខាភិបាល លោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង២ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក រួមទាំងប្រធានមណ្ឌលសុខភាពទាំង៣០កន្លែង មេឃុំ និងចៅសង្កាត់ទាំង៥០ អង្គការដៃគូចំនួន៧ នៅក្នុងខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងចូលរួមសហការជាមួយក្រសួងសុខាភិបាល និងជាពិសេស ក្រុមការងារមន្ត្រីសុខាភិបាលកម្រិតមូលដ្ឋាន នៃខេត្តរតនគិរី ក្នុងការធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលជ្រាបឲ្យបាននូវសារអប់រំសុខភាព ជាពិសេសសារ​ «តិចស្ករ​ តិចខ្លាញ់​ តិចអំបិល» ដែលនេះជាផ្នែកដ៏សំខាន់មួយ ក្នុងការជួយកាត់បន្ថយអត្រាហានិភ័យសុខភាពផ្សេងៗ ក៏ដូចជាការផ្ដល់ការអប់រំដល់ប្រជាពលរដ្ឋឲ្យមកទទួលយកសេវាសុខាភិបាល ឲ្យបានទាន់ពេលវេលានៅពេលមានបញ្ហាសុខភាព។

លើសពីនេះ លោកស្រី ឱ វណ្ណឌីន បានណែនាំឲ្យប្រកាន់យកនូវគោលជំហរធ្វេីការរួមគ្នា ជាមួយមណ្ឌលសុខភាព​ ក្នុងការអភិវឌ្ឍផែនការសកម្មភាពអាទិភាព​ និងការធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាពសេវាតាមមណ្ឌលសុខភាពជូនប្រជាពលរដ្ឋ ដោយអនុវត្តជំរុញបង្កេីនការថែទាំសុខភាពបឋមនៅតាមភូមិ-ឃុំ​ ជាមួយនឹងការដាក់បញ្ចូលនូវផែនការសកម្មភាពផ្នែកសុខភាពនេះ​ ទៅក្នុងផែនការរំកិល៣ឆ្នាំរបស់ឃុំ/ស្រុក/ខេត្ត​ផងដែរ។

លោកស្រីបានអះអាងថា ជាការសំខាន់ដែលត្រូវនាំគ្នាដោះស្រាយបញ្ហានានានៅនឹងកន្លែងតែម្តង​ ហេីយត្រូវដោះស្រាយការផ្តល់សេវាសុខាភិបាលជូនដល់ក្រុមដែលពិបាកទៅដល់​ (Hard-to-reach population)។

មុនបញ្ចប់កិច្ចប្រជុំ​ លោកស្រី ឱ វណ្ណឌីន បានប្រគល់គំរូផែនការសកម្មភាពអាទិភាព​ និងឯកសារអប់រំសុខភាពដាក់ក្នុងឧបករណ៍ផ្ទុកឯកសារយូអេសប៊ី​ (USB) សម្រាប់គ្រប់មណ្ឌលសុខភាព​ និងមន្ទីរបង្អែកនៅក្នុងខេត្តរតនគីរី​ យកទៅប្រេីប្រាស់ផងដែរ។

ក្រោយពីកិច្ចពិភាក្សាគ្នារួចមក លទ្ធផលនៃកិច្ចប្រជុំនេះ សម្រេចបានប្រហាក់ប្រហែលទៅនឹងកិច្ចប្រជុំនៅក្នុងខេត្តស្ទឹងត្រែង ដែលបានចែករំលែក កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។

គួរបញ្ជាក់ថា ក្រោមដំណើរបេសកកម្មពីថ្ងៃទី០១ ដល់ទី០២ ខែមេសា ឆ្នាំ២០២៤នេះ លោកស្រី ឱ វណ្ណឌីន និងក្រុមការងារ បានចុះត្រួតពិនិត្យមណ្ឌលសុខភាពកូនមុំ លំផាត់ បានលុង និងមណ្ឌលសុខភាពកាចាញផងដែរ៕