(ភ្នំពេញ-កំពង់ចាម)៖ កម្លាំងអាវុធហត្ថ បានតាមចាប់ខ្លួន២នាក់ ប្ដី-ប្រពន្ធ មេតុងទីនអនឡាញ ដែលបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារនៅខេត្តកំពង់ចាម និងតាមបណ្តារាជធានីខេត្តបានហើយ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសនីយ៍ត្រី សោ សាវឿន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ថា យោងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងក្រោមការសម្របសម្រួលរបស់តំណាងអយ្យការខេត្តកំពង់ចាម-រាជធានីភ្នំពេញ, កម្លាំងអាវុធហត្ថបានចុះធ្វើការស្រាវជ្រាវករណីលេងតុងទីនតាមអនឡាញ ដែលមេតុងទីនជំពាក់កូនតុងទីន រាប់ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ ហើយរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានបញ្ជាក់ទៀតថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៣៖៤០នាទី កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្ត ចុះទៅចំណុចខុនដូរអិលបឹងទំពុន ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមេតុងទីអនឡាញទាំង២នាក់ប្តីប្រពន្ធ។

ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ សាន សុវណ្ណាលីស ជាប្រពន្ធ អាយុ ៣០ឆ្នាំ
*២៖ ឈ្មោះ ណេង ស៊ុនហេង ជាប្តី អាយុ៣៣ឆ្នាំ។

បើតាមលោកមេបញ្ជាការ, ការចាប់ខ្លួនមេតុងទីនអនឡាញទាំង២នាក់ប្តីប្រពន្ធនេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី «រំលោភលើទំនុកចិត្ត និងឆបោក (តុងទិនតាមអនឡាញ)»។

បច្ចុប្បន្ន កម្លាំងអាវុធហត្ថ បានបញ្ជូនជនសង្ស័យទាំង២នាក់ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី៕