(ឧត្តរមានជ័យ)៖ លោក យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្វប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅខេត្តឧត្តរមានជ័យ។

ពិធីនេះបានធ្វើឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្តតំណាងឱ្យលោកអភិបាលខេត្តឧត្តរមានជ័យ រួមទាំងមន្រ្តីមកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ បានលើកឡើងនូវរបាយការណ៍ផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាលើកឡើងពីលទ្ធផលការងារមួយចំនួន ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យសម្រេចបាន។

លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ បានធ្វើឱ្យសង្គមជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនបានយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទរូបនេះ បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតទៅលើវិស័យអាទិភាពចំនួន៥ គឺ «ផ្លូវមនុស្ស ផ្លូវទឹក ភ្លើង និងបច្ចេកវិឡា» ដើម្បីបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

លោក យឹម ជុង បានបញ្ជាក់ថា ការអនុវត្តតាមគោលការណ៍រក្សាចាស់ បង្កើនថ្មី របស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺមានឆន្ទៈយ៉ាងមោះមុតក្នុងការថែរក្សាសមិទ្ធផលដែលមានស្រាប់ ដែលកើតចេញពីការចូលរួមពលីកម្មគ្រប់បែបយ៉ាងរបស់មន្ត្រីរាជការទាំងអស់រាប់ទាំងមន្ត្រីដែលបានចូលនិវត្តន៍ហើយយើងនឹងខិតខំបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថេរភាពសង្គម ព្រមទាំងឱកាសនៃការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

លោកបានបន្ថែមថា ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្តខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងប្រែក្លាយតំបន់អភិវឌ្ឍន៍រីក ចម្រើនប្រកបដោយបរិយាបន្ត និងមាននិរន្តភាព។ នៅក្នុងន័យនេះ ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ ជាបន្តបន្ទាប់ជាអាទិ៍ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទ ៥ឆ្នាំ (២០១៩-២០២៣) មានគោលបំណង «លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្តទាំងផ្នែក សេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌» ដោយបានកំណត់យុទ្ធសាស្រ្តចំនួន៤ គឺទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវ័ន និងគមនាគមន៍, ទី២៖ លើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័ន៕