(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤។

ក្រសួងមុខងារសារណៈត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយការរួមបញ្ចូលគ្នានូវស្ថាប័នចំនួន៣ គឺរដ្ឋ​លេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និង​សាលា​ភូមិន្ទ​រដ្ឋបាល។ ក្រសួងមុខងារសាធារណៈមានបេសកកម្ម និងភារកិច្ចដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យ​មុខ​ងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ មានភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិ​កា​រ​ដ្ឋាន​​នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ​របស់រាជ​រដ្ឋាភិបាល ហៅកាត់ថា គ.វ.រ.។ គណៈកម្មាធិការជាតិនេះដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង​២៥។

ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ពង្រឹងអភិបាលកិច្ចល្អ គឺជាការងារអាទិភាព និងចាំបាច់មួយរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់នីតិកាលថ្មីនេះ។ ក្រសួងមុខងារសាធារណៈដែលមានឧបនាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ានី ជារដ្ឋមន្ត្រី គឺជាសេនាធិការដ៏ចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការសម្រេចផែនការដ៏ចាំបាច់​នេះ។

ក្រោមទស្សនវិស័យដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី សម្រាប់ក្របខ័ណ្ឌការងារកែទម្រង់​វិស័យ​មុខងារសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំប្រកាន់ជំហររឹងមាំប្រកបដោយ​ទស្សនវិស័យ និងយុទ្ធសាស្ត្រ ដើម្បីពុះពារធ្វើឱ្យសម្រេចនូវចក្ខុវិស័យ ក៏ដូចជាទស្សនវិស័យដឹកនាំ​ប្រទេស​របស់សម្ដេចធិបតី។

ផ្ដើមចេញពីបេសកកម្មនិងភារកិច្ច ព្រមទាំងមានការគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលកន្លងមក និងជា​ពិ​សេស​រាជ​រដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ​ និង​ភាព​ស្វាហាប់របស់សម្តេចធិបតី នៅក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងមុខងារ​សាធារ​ណៈបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនគួរជាទីមោទនៈ។

ក្រសួងមុខងារសាធារណៈបានបំពេញការងារនិងសម្រេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃ ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈពាក់ព័ន្ធនឹងការងារសំខាន់ៗដូចខាងក្រោម៖

+ ការកែលម្អការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ

ក្រសួងមុខងារសាធារណៈបានដឹកនាំ និងសម្របសម្រួលការរៀបចំអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តនិយាម នីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានដឹកនាំ និងរៀបចំ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយា បន្ន និងប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

ក្នុងនោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលត្រូវបានអនុវត្តចំនួន៥លើករួមមាន៖ ការប្រឡង​ជ្រើសរើសមន្ត្រីកសិកម្មឃុំ/សង្កាត់ចំនួន២៥០នាក់ ការជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និង​កីឡា (១០០កន្លែង) ការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ (៣៣កន្លែង) ការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងសាធារណ​ការ និងដឹកជញ្ជូន (៩៩កន្លែង) និងការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្រប​ខណ្ឌក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ (៥២កន្លែង)។

+ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ

ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ បានរៀបចំសេចក្ដីព្រាងឯកសារទស្សនាទាន និង សេចក្ដីណែនាំស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការរៀប​ចំ​ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិលរបស់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំ និង​អង្គភាព​សុខាភិបាលនៅមូលដ្ឋាន ព្រមទាំងបានរៀបចំសេចក្ដីព្រាងក្រមសីលធម៌វិជ្ជាជីវៈ

ក្រសួងក៏បានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើន ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ​អង្គភាព​របស់​ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ កម្មវិធីបណ្តុះបណ្តាលនេះ អនុវត្ត​ដោយសាលាភូមិន្ទរដ្ឋបាល។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញមោទនភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះ ទៅមុខ​នៃ​វិស័យមុខងារសាធារណៈ ដែលបាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់​អភិបាលកិច្ចក្នុង​រដ្ឋ​បាល​សាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា សមិទ្ធផលទាំងនេះអាចសម្រេចទៅបាន អាស្រ័យដោយ​កត្តា​សំខាន់ ៣យ៉ាងគឺ៖
១៖ កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូល​ដ្ឋានគ្រឹះ​ឆ្ពោះ​ទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់

២៖ កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមានចក្ខុវិស័យ ឆន្ទៈ និងផែនការច្បាស់​លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេស មានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់​កម្រិតដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើ មូលដ្ឋានអភិក្រមបុរេសកម្ម​ និង​សកម្ម យោគយល់ អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅ​តាមជំនាញ​ និង​ភារកិច្ចរៀងៗខ្លួន

៣៖ កត្តាចូលរួមរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ជា​មួយ​ក្រសួង​មុខ​ងារសាធារណៈ គឺជាលក្ខខណ្ឌដ៏ចាំបាច់និងមិនអាចខ្វះបាន ដែលធានាឱ្យសម្រេចបាន​នូវសមិទ្ធផល​ជា​ច្រើន នាពេលកន្លងមក និងដែលត្រូវសម្រេចបន្ថែមទៀតនាពេលខាងមុខ៕