(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្ញើលិខិតអបអរសាទរជាផ្លូវការជូនពរពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដែលសម្តេចត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្របាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងសារជូនពរ និងអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ប្រកបដោយមានអត្ថន័យយ៉ាងដូច្នេះថា៖

«តាងនាមឱ្យលេខាធិការដ្ឋានអាស៊ាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅពេលថ្មីៗនេះ។ ពិតណាស់ វាជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ និងជាសក្ខីភាពយ៉ាងពិតប្រាកដចំពោះគុណភាពភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់សម្តេចតេជោ ក៏ដូចជា ការប្តូរផ្តាច់ពេញមួយជីវិតចំពោះសេវាសាធារណៈ។ 

ខ្ញុំមានការជឿជាក់ថា ជាមួយនឹងបទពិសោធន៍ដ៏ច្រើនក្រៃលែង គួបផ្សំនឹងភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ នៅក្នុងស្ថាប័ននីតិប្រតិបត្តិក្នុងនាមជាអតីតរដ្ឋមន្ត្រីការបរទេស អតីតឧបនាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមចំណែកយ៉ាងធំធេងដល់វឌ្ឍនភាព និងការរីកចម្រើននៃព្រឹទ្ធសភា ក៏ដូចជា ការរីកចម្រើន និងបរិវត្តន៍កម្មនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំមានទំនុកចិត្តថា នៅក្រោមការណែនាំ និងការដឹកនាំរបស់សម្តេចតេជោ ព្រឹទ្ធសភានឹងបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត នៃការកសាងសហគមន៍អាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិភាព និងស្ថិរភាពតំបន់។

ក្នុងន័យនេះ ខ្ញុំសូមធ្វើការបញ្ជាក់សាជាថ្មីថា លេខាធិការដ្ឋានអាស៊ាន ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ និងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន ជាពិសេសស្របពេលដែលយើងបានចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងរៀបចំបរិយាកាសយុទ្ធសាស្ត្ររយៈពេលវែងរបស់អាស៊ាន នៅក្នុងរយៈពេល២ ទសវត្សរ៍ខាងមុខ។ 

ខ្ញុំទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំសូមគោរពជូនពរសម្តេចតេជោ ទទួលបានជោគជ័យគ្រប់ភារកិច្ច នៅក្នុងអាណត្តិថ្មីរបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា។

ខ្ញុំពិតជាសូមថ្លែងអំណរគុណ និងទន្ទឹងរង់ចាំឱកាសបានចូលជួបសំដែងការគួរសមជាផ្លូវការជាមួយសម្តេចតេជោ តាមពេលវេលាសមស្របខាងមុខ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្ញុំទៅប្រទេសកម្ពុជា។ សូមសម្តេចតេជោ ប្រធានព្រឹទ្ធសភា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ និងសូមគោរពជូនពរសម្តេច មានសុខភាពល្អ ទទួលបានជោគជ័យ និងសូមឱ្យប្រជាជនកម្ពុជាទទួលបាននូវវិបុលភាពកាន់តែធំធេងបន្ថែមទៀត»៕