(ពោធិ៍សាត់)៖ គណៈប្រតិភូ គណៈកម្មាធិការ ស.អ.ក ខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក រុន សារី អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានចូលជួបបដិសណ្ឋារកិច្ច និងពិភាក្សាការងារ ជុំវិញកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ ជាមួយថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន ខេត្តទៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបបដិសណ្ឋារកិច្ច និងពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលរៀបចំសន្និសីទខេត្ត ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក Nguyen Thanh Dieu សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានសហភាពសមាគមមិត្តភាពខេត្តតៀនយ៉ាង ព្រមទាំងអាជ្ញាធរខេត្តទៀនយ៉ាងមួយចំនួនទៀត។

សូមជម្រាបជូនថា សម្រាប់ជំនួបបដិសណ្ឋារកិច្ច និងពិភាក្សាការងារនេះដែរ គឺធ្វើឡើងតាមផែនការកម្មវិធីអញ្ជើញ របស់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តទៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការឯកភាព ពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងបានការអនុញ្ញាត ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាខេត្តដែលមានសម្ព័ន្ធមេត្រីភាពនឹងគ្នា ជុំវិញកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជន ដែលមានតាំងពីអំឡុងឆ្នាំ២០១១មកម៉្លេះ។

កម្មវិធីទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូខេត្តពោធិ៍សាត់ នៅខេត្តតៀនយ៉ាង ធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ រួមមាន៖
*ទី១៖ គណៈប្រតិភូ ទស្សនកិច្ច ភូមិបុរាណ ដុងហ្វាហ៊ីប កាយប៊ែ។
*ទី២៖ គណៈប្រតិភូ គោរពញ្ញាណក្ខន្ធ នៅឈាបនដ្ឋានខេត្ត។
*ទី៣៖ គណៈប្រតិភូ ជួបពិភាក្សារការងារ ជាមួយសមាគមអតីតយុទ្ធជនខេត្តទៀនយ៉ាង នៅមជ្ឈមណ្ឌលរៀបចំសន្និសីទខេត្ត។
*ទី៤៖ គណៈប្រតិភូ ទៅគោរពញ្ញាណក្ខន្ធ នៅវិមានតម្កល់សពគ្រឿងទិញ និងសមុទ្រតឹនថាន់។
*ទី៥៖ គណៈប្រតិភូ ទស្សនកិច្ច នៅវត្តទ្រុកឡាំចាន់យ៉ាក។
*ទី៦៖ គណៈប្រតិភូ ទស្សនកិច្ច នៅតំបន់ទេសចរណ៍អេកូឡូស៊ី ទ្រុងកៀន។
*ទី៧៖ គណៈប្រតិភូ ទស្សនាផ្សារក្រុងម៉ីថ័រ។
*ទី៨៖ គណៈប្រតិភូ ទស្សនកិច្ច នៅតំបន់ប្រវត្តិសាស្ត្រជ័យជម្នះអាប់បាក់។
*ទី៩៖ គណៈប្រតិភូ ទស្សនកិច្ច នៅកសិដ្ឋានចិញ្ចឹមពស់ ដុងតាំ។
*ទី១០៖ គណៈប្រតិភូ ជួបបដិសណ្ឋារកិច្ច ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត នៅមជ្ឈមណ្ឌលរៀបចំសន្និសីទខេត្ត៕