(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវតែពង្រឹង និងត្រួតពិនិត្យកម្លាំង ដើម្បីអនុវត្តការងារបង្ក្រាបក្មេងទំនើង និងទីតាំងល្បែងស៊ីសងដែលគ្មានច្បាប់ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

លោក ងួន រតនៈ បានថ្លែងដូចនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមីនា ឆ្នាំ២០២៤ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

លោកបន្តថា គ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវនាំគ្នាដោះស្រាយបញ្ហាវិវាទផ្សេងៗឲ្យបានលឿន ពិសេសបញ្ហាចុះបញ្ជីដីធ្លី ដូចនេះគ្រប់អាជ្ញាធរក្រុងស្រុកត្រូវតែធ្វើកិច្ចការនេះឲ្យបានហ្មត់ចត់ដោយត្រួតពិនិត្យមើលកិច្ចការនេះឡើងវិញ ពិសេសកម្លាំងស្នូលរបស់អង្គភាពនីមួយៗថា តើអង្គភាពនិងមន្ទីរជំនាញចំណុះឲ្យរដ្ឋបាលក្រុងស្រុកនោះបានចូលរួមសហការគ្នាដោះស្រាយបានយ៉ាងសកម្មហើយ ឬនៅ ចំពោះមន្ត្រីណាដែលអសកម្មមិនអនុវត្តតាមតួនាទីរបស់ខ្លួន ត្រូវធ្វើការអប់រំណែនាំជាបន្ទាន់ហើយក្នុងករណីដែលពួកគាត់មិនគោរពកាតព្វកិច្ចរបស់ខ្លួនទេអង្គភាពជំនាញត្រូវតែអនុវត្តតាមវិធានការរដ្ឋបាល។

លោកបន្តទៀតថា សម្រាប់ក្រុងស្រុកដែលនៅជាប់បឹងទន្លេសាបគឺហាមដាច់ខាតមិនឲ្យមានការភ្ជួរក្នុងតំបន់៣ទេ ហើយកិច្ចការនេះអភិបាលក្រុងស្រុកទាំងអស់ត្រូវតែធ្វើរបាយការណ៍វឌ្ឍនភាពផ្ញើរមករដ្ឋបាលខេត្តពីការវិវត្តដីក្នុងតំបន់៣ នេះឱ្យបានទៀងទាត់ហើយលោកនិងតាមដានរឿងនេះយ៉ាងដិតដល់បំផុត។

ចំពោះបញ្ហាឆ្វៀលដីនេះរាជរដ្ឋាភិបាលមិនមានគោលការណ៍ទៀតទេដូចនេះអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាត្រូវតែចុះទៅជួបពួកគាត់និងផ្សព្វផ្សាយឲ្យបានច្បាស់លាស់ និងមិនត្រូវធ្វើកិច្ចការនេះជាការងារបង្គ្រប់កិច្ចទេ។
លោកបញ្ជាក់ថាសម្រាប់ទំនាស់ដីធ្លីដែលកន្លងមកយើងមានយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការរួចមកហើយប៉ុន្តែបញ្ហានេះនៅមិនទាន់ដោះស្រាយរួចនៅឡើយទេ ដូចនេះហើយដើម្បីដោះស្រាយទំនាស់នេះអាជ្ញាធរត្រូវមានយន្តការដោះស្រាយដោយលើកផែនការ ចុះអង្កេត ស្រាវជ្រាវ សម្របសម្រួល ឱ្យអស់លទ្ធភាពមុននឹងបញ្ជូនកិច្ចការនេះមកថ្នាក់ខេត្តដើម្បីរកនីតិវិធីជួយពន្លឿនកិច្ចការនេះ។ចំពោះល្បែងស៊ីសងគឺមិនមានកិច្ចសន្យាអប់រំទេបើកើតមានត្រូវតែបង្ក្រាបដោយអនុវត្តតាមនីតិវិធីច្បាប់។

លោកបានយល់ព្រមឲ្យកងរាជអាវុធហាត់ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះមុនពិធីបុណ្យចូលឆ្នាំចូលមកដល់ តែធ្វើយ៉ាងណាបញ្ចៀសឲ្យបាននូវការកកស្ទះចរាចរណ៍ដោយអនុវត្តឲ្យចំគោលដៅ ពិសេសគឺក្រុមក្មេងទំនើងដែលត្រូវបង្ក្រាបឲ្យខានតែបាន។

សម្រាប់ការងារសង្ក្រាន្តឆ្នាំថ្មីគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមរៀបចំផែនការលំអិតឲ្យ បានម៉ត់ចត់ដោយផ្ដោតលើ កិច្ចការពារសន្តិសុខ បច្ចេកទេស បរិស្ថាន និងសោភ័ណភាព ហើយកិច្ចការនេះយើងត្រូវរៀបចំឲ្យបានមុនដើម្បីផ្ដល់ភាពទាក់ទាញនិងចំណាប់អារម្មណ៍ពិសេសមន្ទីរអង្គភាពដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិ។

លោកសង្ឃឹមនិងជឿជាក់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់និងចូលរួមសហការ ដោយអនុវត្តកិច្ចការងារនេះឲ្យបានហ្មត់ចត់ប្រកបដោយផ្លែផ្កាជាវិជ្ជមាន និងរីករាយសម្រាប់ឱកាសចូលឆ្នាំថ្មីខាងមុខនេះ៕