(សៀមរាប)៖ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីសង្ឃខេត្តសៀមរាប បានរៀបចំពិធីបុណ្យរំលឹកព្រះឧប្បការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប។

ពិធីនេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះព្រហ្មរតន មុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានចូលរួមផងដែរ។

ពិធីបុណ្យនេះធ្វើឡើងដើម្បីជាការរំលឹកនូវគុណូបការៈគុណដល់សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក និងវចនានុក្រមខ្មែរ ដើម្បីបង្ហាញឱ្យប្រជាពុទ្ធបរិស័ទយល់ដឹងឱ្យកាន់តែច្បាស់នូវស្នាព្រះហស្តនៃព្រះរាជនិពន្ធ និងការចងក្រងគម្ពីក្បួនខ្នាតអក្សរសាស្រ្តជាតិខ្មែរ ជាការដាស់ស្មារតី និងបង្កើនមនសិការដល់កូនខ្មែរឱ្យរក្សានូវកេរ្តិ៍តំណែលស្នាដៃរបស់បុព្វបុរសយើង ឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ជាព្រះមហាវីរបុព្វជិតដ៏ឆ្នើមដែលបានបូជាអ្វីៗ ដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រទទួលស្គាល់ថា ជាព្រះបិតាអក្សរសាស្ត្រជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានចំណាយពេលវេលា ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រទាំងមូល។

លោកបានបន្តថា ស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម និងប្រជារាស្រ្តខ្មែរ បានព្រះរាជទាន និងផ្ដល់ឋានៈព្រះអង្គ ជាព្រះរាជអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហត្ថជាច្រើនរួមមាន៖ វចនានុក្រមភាសាខ្មែរ, ព្រះរាជនិពន្ធទំនុកច្រៀងបទនគររាជ សម្រាប់ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា, បទគោរពទង់ព្រះពុទ្ធសាសនា, បទសរភញ្ញជាដើម។ ដែលជាកេរ្តិ៍មរតកដ៏ថ្លៃថ្លាបំផុត សម្រាប់ឱ្យយើងទាំងអស់គ្នា ជាកូនខ្មែរជំនាន់ក្រោយបានស្ដាប់លឺ បានសិក្សាឈ្វេងយល់ ជារៀងរាល់ថ្ងៃរហូតដល់ពេលបច្ចុប្បន្ននេះ។

លោក សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា ពិធីបុណ្យរម្លឹកគុណូបការៈនេះ មានអត្ថន័យជ្រាលជ្រៅ និងជាគុណប្រយោជន៍សម្រាប់ពុទ្ឋបរិស័ទ និងកូនខ្មែរយើងទាំងអស់គ្នាៗ ត្រូវតែចងចាំនិងប្រតិបត្តិតាមគន្លងមាគ៌ានៃបុព្វបុរសខ្មែរ ជាពិសេសព្រះកិត្តិនាម និងស្នាដៃរបស់ព្រះអង្គស្ថិតនៅដក់ជាប់ជានិច្ចក្នុងបេះដូងកូនចៅប្រជាពលរដ្ឋកម្ពុជា ជារៀងរហូត ព្រោះថា ពេញមួយជីវិតរបស់ព្រះអង្គ គឺព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំក្រៃលែង ក្នុងវិស័យ សង្គមកិច្ច និងវិស័យសិក្សាធិការ។សម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ រៀនសូត្រដល់សព្វថ្ងៃនេះ។

ព្រះសុមង្គលសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្ត មានថេរដិកាថា បុព្វហេតុដែលនាំឱ្យកើតមានទិវាបុណ្យរំលឹកឧបការៈគុណនេះឡើង គឺដោយសារព្រះតម្រិះ របស់សម្តេចព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដែលជានិច្ចកាលព្រះអង្គតែងតែនឹករលឹកចំពោះគុណូបការៈរបស់សម្តេចសង្ឃរាជ ដែលជាបុគ្គលមួយរូបប្រៀបបានទៅនឹងផ្កាឈូកដែលដុះចេញពីភក់តែមិនធុំក្លិនភក់ មានតែក្លិនក្រអូបតែម្យ៉ាងប៉ុណ្ណោះ។

ព្រះសុមង្គលសិលាចារ្យ មានថេរដិកាបន្តថា ព្រះគុណសម្បត្តិនៃសម្តេចព្រះសង្ឃរាជ មានច្រើនយ៉ាងណាស់ ព្រះអង្គមានការព្យាយាមខ្លាំង មានភាពឈ្លាតវៃខ្លាំងមានភាពអង់អាចខ្លាំងមានភាពវៃឆ្លាតក្នុងធម្មទេសនាដ៏ក្រៃលែងមានសកម្មភាពដ៍ប្រសើរខ្លាំងណាស់។ ក្រៅពីភាសាខ្មែរដែលសម្តេចទ្រង់បានស្រាវជ្រាវ សម្តេចបានសិក្សាភាសាបាលីអាចអាននិងសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់មានលង្កាភូមា សៀម ឡាវឥតមានទើសទាក់ភ្លាំងភ្លាត់ឡើយ ។លើសពីនេះព្រះអង្គបានកសាងគម្ពីរដិកាជាច្រើនទាំងគម្ពីរស្លឹករិតទាំងសៀវភៅផង។ ជាពិសេស សៀវភៅដែលសម្តេចប្រមូលចងក្រងរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរសម្រាប់ពុទ្ឋបរិស័ទរៀនសូត្រផងដែរ។    

សូមបញ្ជាក់ថា សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ៍ទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្តេចព្រះសង្ឃរាជ បានបួសជាសាមណេរក្នុងអាយុ១៤ឆ្នាំលុះព្រះជន្មគម្រប់២១ព្រះវស្សា ទ្រង់ឧបសម្បទាជាភិក្ខុ។ ព្រះអង្គទ្រង់សោយទីវង្គតនៅថ្ងៃព្រហស្បតិ៍ទី២៥ ខែកញ្ញាឆ្នាំ១៩៦៩ ក្នុងជន្មាយុ៨៦ព្រះវស្សា ក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕