(ព្រះវិហារ)៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លុវគោក ខេត្តព្រះវិហារ បានចេញសេចក្តីអំពាវនាវចំនួន១០ចំណុច ស្តីពីការបង្ការ និងទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។

យោងសេចក្តីអំពាវនាវរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ដែលចុះហត្ថលេខាដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហាះ បានពិនិត្យឃើញថា៖ បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមសំខាន់ដែលអាចកើតឡើងជាយថាហេតុ និងបណ្តាលឱ្យរងរបួសនិងបាត់បង់ជិវិតភ្លាមៗ ប្រសិនបើអ្នកប្រើប្រាស់ផ្លូវមិនមានការប្រុងប្រយ័ត្នខ្ពស់ និងមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ជាពិសេសនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ឆាប់ៗខាងមុខនេះ យានយន្តធ្វើចរាចរណ៍នៅលើដងផ្លុវសាធារណៈ នឹងមានការកើនឡើងខុសប្រក្រតី នឹងអាចបង្ករឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗកើតឡើងជាយថាហេតុ។

ដើម្បីបង្ការទប់ស្កាត់ចរាចរណ៍ផ្លូវគោកនាឱកាសនេះ លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ សូមធ្វើការអំពាវនាវដល់សាធារណជនដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ និងចូលរួមអនុវត្តវិធានការចំនួន១០ចំណុចដូចខាងក្រោម៖

*មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
*មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឫគ្រឿងញៀនជាដាច់ខាត
*មិនត្រូវបត់ឫជែងក្នុងភាពប្រថុយប្រថាន ឫប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង
*ត្រូវគោរពសិទ្ធអាទិភាព គោរពសិទ្ធសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច
*មិនត្រូវបើកបរស្ថិតក្រោមស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត
*ត្រូវពាក់មួកសុវត្ថិភាពជានិច្ច នៅពេលបើកបរទោចក្រយានយន្ត(ទាំងអ្នកបើកបរនិងអ្នករួមដំណើរ)
*ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច នៅពេលបើកបរយានយន្ត(ទាំងអ្នកបកបរ និងអ្នករួមដំណើរ)
*ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
*មិនត្រូវផ្ទុកអ្នកដំណើរ ឫទំនិញលើសច្បាប់កំណត់
*ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៍យោគយល់អធ្យាស្រ័យ

ខាងក្រោមនេះ ជាសេចក្តីអំពាវនាវរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ៖