(បន្ទាយមានជ័យ)៖ មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យជួញដូរគ្រឿងញៀននេះត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបាននៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ជនសង្ស័យម្នាក់ឈ្មោះ ឡាយ ណុក ហៅ ឆ្នុក ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកសម្ភារ និងវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១៣៦៧គ្រាប់ ទម្ងន់ ១៣៨,៦ក្រាម, គ្រឿងញៀនប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ICE) ចំនួន ០២ថង់កិប ទម្ងន់ ៥,៦ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌សថ្លា ចំនួន ០១ថង់កិប (កេតាមីន) ទម្ងន់ ៤៨,១ក្រាម, ទូរស័ព្ទចំនួន ០១គ្រឿង (ម៉ាកVIVO ពណ៌ទឹកសមុទ្រ), ខ្សែកលោហធាតុពណ៌លឿង មានបណ្តោង ចំនួន០១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្រា្កបករណីនេះ នៅវេលាកេីតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថាមានករណីចែកចាយគ្រឿងញៀន នៅចំណុចខាងលេី ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងដកហូតវត្ថុតាងយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ហេីយកន្លងក៏មកធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកច្រើនសារពាក់ព័ន្ធករណីលួច ប្រើហិង្សា និងករណីជួញដូរគ្រឿងញៀនផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕